លោកឧកញ៉ាលឹម ហេងៈតម្រូវការជ័រកៅស៊ូនឹងកើនឡើងច្រើនសម្រាប់ផ្គង់ផ្គង់ ខណៈ ក្រុមហ៊ុនធំៗបីប្រកាសចូលទីផ្សារកម្ពុជា

0

ដោយៈតារា

ភ្នំពេញៈថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានរំពឹងថា ទីផ្សារជ័រកៅស៊ូនឹងអាចមានស្ថិរភាពល្អ នឹងមានការដាំដុះដំណាំកៅស៊ូច្រើនជាងមុន ខណៈកម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសម្បកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើនសម្រាប់ផ្គត់ផ្គង់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នេះថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ជាក់ស្តែងការទទួលបានក្រុមហ៊ុនផលិតសំបកកង់រថយន្តនាពេលនេះ គឺជាឱកាសដៃគូរវិនិយោគអ្នកដាំដុះដំណាំកៅស៊ូ ទាំងអ្នករកស៊ីទទួលទាន ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកដាំដុះកៅស៊ូ ក្នុងស្រុកបានកំពុងរង់ចា។

លោកឧកញ៉ាបន្តថា “ការដាំដុះកៅស៊ូ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូប្រមាណ៤០ម៉ឺនហិចតា ហើយនៅក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញកៅស៊ូជាច្រើនផងដែរ”។លោកបន្តថា “ចំពោះគម្រោង ដែលកម្ពុជាទទួលបានការវិនិយោគ បង្កើតរោងចក្រសំបកកង់រថយន្តនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ដោយយើងរំពឹងថា ជ័រកៅស៊ូនៅកម្ពុជានឹងមានទីផ្សារងើបវិញ ជាពិសេសរក្សាស្ថិរភាពតម្លៃល្អ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា យើងក៏រំពឹងផងដែរថា នឹងមានការដាំដុះដំណាំកៅស៊ូនេះកាន់តែច្រើន ជាដែលជាផ្នែកដ៍សំខាន់ ក្នុងការជួយលើកកម្ពស់ដល់ប្រជាពល រដ្ឋដែលជាអ្នកដាំដុះ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនៃការនាំចេញកៅស៊ូបានធ្លាក់ចុះ។

ក្រុមហ៊ុនផលិតសម្បកកង់រថយន្តធំៗចំនួន៣ បានប្រកាសចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះក្រុមហ៊ុនJiangsu General Science Technology បានប្រកាសបោះទុនវិនិយោគតម្លៃជាង២០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានសមត្ថភាពផលិតសំបកកង់ រថយន្តប្រមាណ៦លានសំបក ក្នុងមួយឆ្នាំៗ។ ចំណែកក្រុមហ៊ុន “CART TIRE CO., LTD” ដែលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានបោះទុនវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥ លានដុល្លារអាមេរិក។

ចំណែកក្រុមហ៊ុន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅប្រទេសកម្ពុជា ដោយគ្រោងបោះទុនវិនិយោគចំនួន ១,១៨ ពាន់លានយន់ ត្រូវប្រមាណ១៨០ លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខេត្តស្វាយរៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here