ដោយៈ ប៊ី
កែបៈ អាជ្ញាធរខេត្តកែបកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀត ដើម្បីត្រៀមទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាលនាមខាងមុខ។
អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែបលោកវ៉ៅ សុខាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ទោះបីជាកម្ពុជាប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។
លោកបានបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
លោកបានថ្លែងបន្តថា “ជារួមយើងដឹងហើយថាខេត្តកែបនេះជាខេត្តមួយតូច ហើយដើម្បីកំណត់ចក្ខុវិស័យរបស់ខេត្តនេះគឺវិស័យទេសចរណ៍ជាស្នូល ដូច្នេះយើងមានឆ្នេរសព្វថ្ងៃនេះប្រហែល ៤៥០ម៉ែត្រទេ គឺមានភាពតូចចង្អៀត ដែលពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរដែរ”។
លោកបានថ្លែងបន្តថា “ដូច្នេះថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត គឺបានខិតខំកៀរគរដៃគូវិនិយោគឯកជន ដើម្បីពង្រីកវិសាលភាពបន្ថែម ដោយសារយើងគិតឃើញថា ឆ្នេរយើងនេះទឹករាក់ យើងអាចកែច្នៃដោយកែលម្អទាំងនេះ ហើយយើងរកខ្សាច់ដែលមានគុណភាពដើម្បីយកមកចាក់បំពេញតាមបណ្ដោយនេះ ដែលអាចធ្វើឲ្យយើងមានកន្លែង លេងថ្មី ហើយពង្រីកវិសាលភាពធំទូលាយ ដែលអាចទទួលភ្ញៀវ ទេសចរបានកាន់តែច្រើនជាងមុន”។
គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀតនោះ ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះ នឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងទៀតផង៕