ដោយៈ ប៊ី
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងចំណាយទុនជិត៥០០លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងបែបនេះ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈលើកទី៤ តាមរយៈប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
-->

លោកបណ្ឌិតបានឱ្យដឹងថា គម្រោងថវិកាប្រមាណ៤៩៣ លានដុល្លារសម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០២៥នេះ គឺផ្ដោតលើយុទ្ធសាស្ត្រចំនួន៤ ដូចជា ទី១ ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទី២ ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល។ ទី៣ ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីជំនាញនិងគ្រូបច្ចេកទេសនិង ទី៤ ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង សម្រាប់ប្រជាជនម្នាក់ម្នាក់ៗ ដើម្បីប្រែក្លាយប្ដីសុបិន្តក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ហេតុដូច្នេះហើយទើប រដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំវិជ្ជាជីវៈបណ្ដាលបច្ចេកទេស ដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល នឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ៕