វិភាគ៖ នៅពេល​ការវិនិយោគ​អចលនទ្រព្យ​សំដៅ​ដល់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ កាលពី​ទសវត្សរ៍​មុន អ្នកវិនិយោគ​អន្តរជាតិ​បាន​សម្លឹងមើល​មក​កម្ពុ​ជា​ក្នុង​រូបភាព​ខុសពី​បច្ចុប្បន្ន។ ពេលនោះ​បានចាប់ផ្តើម​គំរោង​វិនិយោគ​របស់ខ្លួន ដោយ​ផ្តោតលើ​ប្រជាជន​ជា​អ្នកមាន​ប្រាក់​ច្រើន​នៅក្នុង​ស្រុក និង​ជនបរទេស​ចូលមក​កាន់​ប្រទេស​នេះ ប៉ុន្តែ​ពេលនេះអ្វីៗបានចាប់ផ្តើម​ប្រែប្រួល​ហើយ ដោយសារ​ស្ថានភាព​អចលនទ្រព្យ ពិសេស​ខុន​ដូ​ថ្លៃ​បាន​ស្ថិតក្នុង​សភាព​ទ្រឹង​នៅក្នុង​ទីផ្សារ ដែល​ទើបនឹង​ងើបឡើង​មួយ​នេះ។

ឥឡូវនេះ​អ្នកវិនិយោគ និង​អ្នកជំនាញ​សុ​ទ្ឋ​តែ​បានចង្អុលបង្ហាញ​ថា ទីផ្សារ​នេះ​កំពុងមាន​ការប្រែប្រួល​ហើយ ព្រោះ​ចំនួន​ខុន​ដូ​ប្រណីត​កំពុង​ផ្គត់ផ្គង់​លើស​តម្រូវការ​ជាក់ស្តែង ប៉ុន្តែ​ទីផ្សារ​លំនៅដ្ឋាន ពិសេស​ខុន​ដូ​សម្រាប់​ប្រជាជនមាន​ជីវភាព​ទាប និង​មធ្យម បាននិងកំពុង​ហុច​ផល​ច្រើន​ដល់​អ្នកវិនិយោគ ស្របពេល​តម្រូវការ​កំ​ពុង​កើនឡើង​នៅក្នុង​ក្រុម​ប្រជាជន ដែលមាន​ប្រាក់ចំណូល​មធ្យ​កំពុង​កើនឡើង។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Land ដែល​បាន​បោះទុន១០០លាន​ដុល្លារ វិនិយោគ​លើ​លំនៅដ្ឋាន​នៅ​ជាយក្រុង​ភ្នំពេញ ដោយ​ផ្តោតលើ​អ្នកមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​បាន​ថ្លែងថា លោក​វិនិយោគ​គំរោង​នេះ ដើម្បី​ជួយ​ប្រជាជន​ឲ្យ​មាន​ល​ទ្ឋ​ភាព មាន​លំនៅដ្ឋាន​សមរម្យ​សម្រាប់​ស្នាក់នៅ ដោ យ​មិន​គិតពី​ប្រាក់ចំណេញ​ជាធំ​នោះទេ ព្រោះ​បើ​គិតពី​ប្រាក់ចំណេញ​ជាធំ លោក​នឹងមិន​វិនិយោគ​គំរោង​នេះ​ទេ។

លោក​បន្តថា “ខ្ញុំ​ចង់​ជួយ​ប្រជាជន​ឲ្យ​មាន​លំនៅដ្ឋាន​សមរម្យ​សម្រាប់​រស់នៅ បើ​ខ្ញុំ​ចង់យក​ប្រាក់ចំណេញ​ច្រើន ខ្ញុំ​នឹង​សាងសង់​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ហើយ។

លោក​ឧកញ៉ា​រូបនេះ បាន​វិនិយោគ​ដោយ​ជោគជ័យ​នូវ​អាគារ​ខុន​ដូ The Bridge និង​គំរោង The PeAk ជាមួយ​ក្រុមហ៊ុន Oxley Holding ដែលមាន​មូលដ្ឋាន​នៅ​ប្រ​ទេ​សឹង្ហ​បុរី ក្នុង​តំលៃ​ទុនវិនិយោគ​ជិត១០០០លាន​ដុល្លារ ដើម្បី​ចាប់យក​អតិថិជន​ជា​អ្នកមាន​ប្រាក់ចំណូល​ខ្ពស់ ជាល​ទ្ឋ​ផល​គំរោង​របស់លោក​ជោគជ័យ ព្រោះ​រហូតមកទល់​ពេលនេះ​ខុន​ដូ The Bridge លក់​អស់១០០ភាគរយ​ហើយ ហើយ​គំរោង​ខុន​ដូ និង​សណ្ឋាគា Shagri-la ក៏​លក់បាន​ជោគជ័យ​ផងដែរ។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE CAMBODIAបាន​ថ្លែងថា ទីផ្សារ​នេះ​កំពុង​វិវត្តន៍​មកកាន់​ប្រជាជន​ថ្នាក់កណ្តាល ព្រោះ​តំលៃ​ខុន​ដូ​សម្រាប់​ក្រុម​ប្រជាជន​ថ្នាក់កណ្តាល អាច​ឲ្យ​អតិថិជន​ក្នុងស្រុក​អាច​ទទួលយកបាន ព្រោះ​នាពេល​អនាគត​ប្រជាជន​ក្នុងស្រុក​នឹង​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន។អ្នកនាង​បន្តថា កន្លងមក​អ្នក​អភិវឌ្ឍន៍ បាន​ផ្តោត​ការសាងសង់​លើ​ខុន​ដូ​លំដាប់​ប្រណីត ដែល​កំពុងមាន​និន្នាការ​កើនឡើង​លើស​តម្រូវ​ការ​រួចទៅហើយ។

អ្នកនាង​បន្តថា “ខ្ញុំ​គិតថា​អ្នក​អភិវឌ្ឍន៍​គួរផ្តោត​លើ​ខុន​ដូ​សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល ព្រោះ​ចំនួន​ប្រជាជនមាន​ជីវភាព​កម្រិត​មធ្យម​មា​ន​ចំនួន​ច្រើន ជា​មូលដ្ឋាន​ទីផ្សារ​រឹងមាំ​សម្រាប់​ធានា​និរន្តរភាព​វិស័យនេះ។អ្នកនាង​បន្ថែមថា “ការអភិវឌ្ឍ​ប្រសិនជា​ធ្វើឡើង​ត្រូវ​ទីផ្សារ មាន​តំលៃ​សមស្រប មានគុណ​ភាពល្អ​ពិតជា​ល្អប្រសើរ ប៉ុន្តែ​អ្វី​ជា​ហានិភ័យ​គឺ​ការដាក់​ផលិតផល​មិនត្រូវ​ចំណែក​ទីផ្សារ។

រដ្ឋាភិបាល​បានទទួល​ស្គា​ល់ពី​បញ្ហា​នេះ​រួចទៅហើយ ក្នុងពេល​វិស័យនេះ​កំពុងមាន​ល្បឿន​រីកចំរើន​យឺតយ៉ាវ​ជាង​មុន។

លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ទីផ្សារ​អចលនទ្រព្យ​នៅតែ​បន្ត​រីកចំរើន ដោយ​ស្ថិរភាព មិន​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ហើយ ដោយសារ​អ្នកវិនិយោគ​បាន​ងាក​មកកាន់​ទីផ្សារ សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល ស្របពេល​ការលក់​លំនៅដ្ឋាន​តាម​បុរី​នានា​បាន​ធ្លាក់ចុះ ប៉ុន្តែ​តំលៃ​លំនៅដ្ឋាន​នៅ​តាប​បុរី​និមួយៗនៅតែ​កើនឡើង។

ស្របពេល​ជាមួយគ្នានេះ គំរោង​យក្ស​មួយ​ស្ថិតនៅ​ខាងមុខ​ស្តា​ត​អូឡាំពិក​គឺ​គំរោង Olympia CITY ក៏បាន​ប្រកាស​ពី​ការកាត់បន្ថយ កំពស់​អាគារ​ខ្ពស់បំផុត​ក្នុង​គំរោង​នេះ ពី៦៥ជាន់​មក៤៥ជាន់ និង​កាត់បន្ថយ​អាគារ​មួយទៀត​ពី​កំពស់៤៥ជាន់​មក​នៅត្រឹម៣៨ជាន់​ផងដែរ។

លោក ម៉េង ចំរើន ប្រធាន​គំរោង Olympia CITY បាន​ថ្លែងថា ការកាត់បន្ថយ​កំពស់​អាគារ​នេះ ដោយសារ​ស្ថានភាព​ទីផ្សារ​មិន​អំណោយផល ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បារម្ភ​ពី​ការលំបាក​ក្នុងការ​ប្រមូល​ធនធាន​ត្រលប់​មកវិញ។

ទោះជា​យ៉ាងណា ការបារម្ភ​និង​ទិន្នន័យ​វិនិយោគ​ជាក់ស្តែង​ហាក់​ផ្ទុយគ្នា​ដូច​មេឃ​និង​ដី ជាក់ស្តែង​ទុនវិនិយោគ​ក្នុង​វិស័យនេះ កាលពី​ឆ្នាំ២០១៦មាន​ទំហំ​រហូតដល់៨៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ ភាគរយ​ធៀប​រយៈពេល​មួយឆ្នាំ ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ជា​កំណើន​មួយ​ដែល​អ្នកជំនាញ​ក្នុង​វិស័យនេះ​សុ​ទ្ឋ​តែមាន​ការភ្ញាក់ផ្អើល និង​បាន​លើ​ជា​សំណួរ​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ពិតប្រាកដ​ដែល​បាន​ហូរ​ចូលមក​ប្រទេស​នេះ។

តាម​ការកំណត់​និយមន័យ​របស់​ធនាគារពិភពលោក​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ចន្លោះ​ពី១.០៤៥ ដល់៤.១២៥ ដុល្លារ​ក្នុង​មួយឆ្នាំ ត្រូវ​ចាត់​ចូល​ជា​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រជាជនមាន​ប្រាក់ចំណូល​ចន្លោះ​ពី៤.១២៥ ដល់១២.៧៤៦ ដុល្លារ​ក្នុង​មួយឆ្នាំ​ត្រូវ​ចាត់​ចូល​ជា​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់ និង​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ក្នុង​មួយឆ្នាំ​ច្រើនជាង១២.៧៤៦ដុល្លារ ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រជាជនមាន​ប្រាក់ចំណូល​ខ្ពស់។

ក្រុមហ៊ុន​ក្នុងស្រុក​មួយ ទំនងជា​បាន​ចាប់យក​ឳ​កាស​ទីផ្សារ​ខុន​ដូ​សម្រាប់​ប្រ ជា​ជន​មាន​ប្រាក់ចំណូល​មធ្យម​មុនគេ និង​មើលឃើញ​ទីផ្សារ​នេះ​សម្រាប់​គំរោង​វិនិយោគ​របស់ខ្លួន។

លោក​ទុយ ប៊ុន អគ្គនាយក​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​លំនៅឋាន L កម្ពុជា​ភ្នំពេញ ដែល​បាន​សាងសង់​ខុន​ដូ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​នៅ​ទីតាំងខុសៗគ្នា​ជាច្រើន​បាន​ថ្លែងថា ការវិនិយោគ​ខុន​ដូ​របស់​ក្រុមហ៊ុន​លោក​ដែល​ផ្តោតលើ​ប្រជាជន​ថ្នាក់កណ្តាល ដោយសារ​ហេតុផល​ចំនួន​ពីរ ទី១ ទីតាំង​របស់លោក​មិនអាច​ទាក់ទាញ​អ្នកមាន​ប្រាក់​ច្រើន និង​ទី ២ ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម ដែល​ប្រជាជន​ក្នុង​ស្រទាប់​នេះ​មាន​ចំនួន​ច្រើនជាង​ទីផ្សារ​សម្រាប់​អ្នក មាន​ជីវភាព​ធូរធារ។

ខុន​ដូ​Lបាន​លក់​ចាប់ពី​តម្លៃ៤ ដល់៨ម៉ឺន​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ចំនួន​បន្ទប់ និង​ជាន់​និមួយ។

លោក​ទុយ ប៊ុន​បាន​បន្តថា“ប្រជាជន​កម្ពុជា​នឹង​អាច​រស់នៅ​ខុន​ដូ​ច្រើន​នាពេល​អនាគត តាម​ទីកន្លែង​ការងារ​ដែល​ពួកគេ​ធ្វើការ ហេតុនេះ​ទើប​ក្រុមហ៊ុន​បានផ្តល់​ការបង់​រំលស់​នូវ​លក្ខខណ្ឌ​សមស្រប ដែល​អតិថិជន​មាន​ប្រាក់ចំណូល​មធ្យម​អាចមាន​លទ្ធភាព​បង់​បាន។

លោក​បន្តថា “ការវិនិយោគ​ខុន​ដូ​របស់​យើង​ធ្វើឡើង សម្រាប់​គ្រួសារ​តូច ព្រោះ​បន្ទប់​មាន​ទំហំ​ចាប់ពី៣០ ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែលមាន​សមាជិក​ត្រឹម៣នាក់ ជាការ​សមស្រប​ក្នុងការ​រស់នៅ​ខុន​ដូ​បែបនេះ។

ទំហំ​គ្រួសារ​កម្ពុជា​កាន់តែ​មាន​ការ​បង្រួម​តូច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ព្រោះ​យោងតាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​ក្រសួងសុខាភិបាល​បាន​រកឃើញថា អត្រា​មានកូន​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ជា​មធ្យម​បាន​ថយចុះ​ពី៣នាក់​កាលពី​ឆ្នាំ២០១០ មក​នៅត្រឹម២,៧០នាក់​នៅ​ឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here