ខេត្តព្រះសីហនុស្វាគមន៍ស្ពានក្រោមដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា

0

ដោយៈ សុខ ហេង

ព្រះសីហនុៈ ខេត្តព្រះសីហនុនឹងស្វាគមន៍ស្ពានក្រោមដីជាលើកដំបូង ដែលសមិទ្ឋផលនេះ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កងវិស្វកម្មសម្តេចតេជោហ៊ុន សែន ខេត្តសៀមរាប បានចូលរួមស្តារ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង6700m ទទឹង29m ន្លោះបង្គោលគីឡូម៉ែត្រ 216 +00 ដល់គីឡូម៉ែត្រលេខ 222 +700 ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុងខេត្តព្រះសីហនុ។

កំណត់ផ្លូវប្រវែង7600m ស្ថិតក្នុងភូមិសាស្រ្តលេខ១ ក្រុងព្រះសីហនុ ដែលត្រូវបានស្តារ និងស្ថាបនាឡើងវិញនេះ ជាកំណត់ផ្លូវដ៏មមាញឹក កកស្ទះចរាចរណ៍គ្រប់ពេលវេលា ពិសេសកកស្ទះដោយរថយន្តកុងតឺនើ រថយន្តដឹកជញ្ជូនធ្ងន់ៗ ប្រជាពលរដ្ឋរស់នៅច្រើនកុះករ មានសាលារៀន រោងចក្រ សហគ្រាស និងជាមាត់ច្រកចេញចូល យ៉ាងកកកុញ នៃតំបន់កំពង់ផែមាត់សមុទ្រ របស់កម្ពុជា។

ជាកំណាត់ផ្លូវមួយដែលស្ថាបនាឡើង ពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ មានទទឹងមិនដល់១០ម៉ែត្រ។ កសាងក្រោមការជួយគាំទ្រពីរដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននេះការស្តារ និងស្ថាបនាឡើងវិញ ត្រូវបានពង្រីក ទទឹងតួផ្លូវរហូតដល់ទៅ29m មានទ្រូងកណ្តាលចែកផ្លូវជាពីរ ដែលផ្លូវធ្វើចរាចរណ៍នៃរថយន្តតូច ធំ បីកន្លងទៅ បីកន្លងមក ផ្លូវម៉ូតូ ផ្លូវសម្រាប់ថ្មើរជើង ពិសេសទៅទៀតមានទីតាំងសម្រាប់បទត្រឡប់ក្រោយ របស់រថយន្តកុងតើនើ ឬរថយន្តសណ្តោងរើម៉កចំនួន២កន្លែង ដែលមានទទឹងរហូតដល់ទៅ៦០ម៉ែត្រ ពិសេសការស្ថាបនាផ្លូវថ្មើជើងក្រោមដីចំនួន២កន្លែង មិនធ្លាប់មាននៅក្នុងប្រវត្តសាស្រ្តកម្ពុជា។

មួយកន្លែងស្ថិតនៅចំពីមុខ វិទ្យាល័យហ៊ុនសែនឃ្លាំងលើ និងមួយកន្លែងទៀត ស្ថិតនៅទីប្រជុំជន រោងចក្រ សម្រាប់សិស្សានុសិស្ស កម្មករ កម្មការិនី ជួយសម្រួលដល់ការឆ្លងកាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុណាមួយ។

ទាក់ទិនទៅនិងគម្រោងស្ថាបនាផ្លូវធ្វើដំណើរថ្មើជើង ឆ្លងថ្នល់ក្រោមដីទាំងពីរគម្រោងនោះ លោកឧត្តមសេនីយ៍ទោ វង្ស សំអាត មេបញ្ជាការរង កងវិស្វកម្មតេជោហ៊ុនសែនសៀមរាបបានឲ្យដឹងថា៖ ផ្លូវនេះទទឹង២៩ម៉ែត្រ ចែកចេញជា៦គន្លង គឺធំណាស់ មិនអាចអោយប្រជាជនរត់កាត់ថ្នល់បានទេ ចឹងហើយបានវិស្វករយើងសិក្សាដើម្បីជៀសផុតបិគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយើង គឺធ្វើផ្លូវថ្មើជើងក្រោមដីនេះតែម្តង ។

ផ្លូវសថ្មើជើងក្រោមដីនេះផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ ក្នុងនោះអាចឆ្លងកាត់ ឬអាចបណ្តើរកង់ម៉ូតូ ចុះមកឆ្លងកាត់តាមនិង ដោយមានទទឹង៧ម៉េត្រ បណ្តោយ៥៣ម៉ែត្រ កម្ពស់៣ម៉ែត្រ២តឹក ដោយចែកចេញជាពីរ ដែលផ្នែកខាងស្តាំដែលមានគន្លងកណ្តាលនោះ អ្នកដែលមកខាងស្តាំ គឺដើរគន្លងខាងស្តាំ អ្នកមកពីគន្លងខាងឆ្វេង ត្រូវដើរគន្លងខាងឆ្វេង ពិសេសមានផ្លូវសម្រាប់ជនពិការដើរ និងសងខាងមានបំពាក់ដោយបង្កាន់ដៃ ដើម្បីបង្ការគ្រោះថ្នាក់លើពលរដ្ឋ ដែលកើតឡើងដោយប្រការណាមួយ និងមានកន្លែងស្តុកទឹក ដែលមាន ម៉ូទ័រ បូមទឹកពីរ មួយសម្រាប់បូមទឹកមធ្យមបូមដោយខ្លូនឯងធម្មតា និងមួយទៀតនៅពេលដែលទឹកច្រើនគឺវាធ្វើការម្តងទាំងពីរតែម្តង។

នៅផ្នែកខាងលើវិញបំពាក់ភ្លើងសម្រាប់បំភ្លឺ មានកង្ហារសម្រាប់បឺតខ្យល់ចេញ និងបឺតខ្យល់ចូល ដើម្បីអោយបរិយាការក្នុងផ្លូវក្រោមដីនេះ មានខ្យល់អាកាសបរិសុទ្ធ មិនធំក្លិនស្អុត មិនធំក្លិនច្អាប អុកស៊ីសែនដែលផ្តល់មកធ្វើអោយអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបានគ្រប់គ្រាន់។

ដោយបានការគាំទ្រពីរដ្ឋាភិបាល ពិសេសបានទទួលស្គាល់ស្នាដៃធំៗ ពីកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រគល់ភារកិច្ច ជូនដល់កងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប ចូលរួមស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្លូវ ស្ពាន ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពល លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍របស់ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here