ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានប្រកាសភាពជាដៃគូដំបូងបំផុត ដើម្បីបញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថល របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន ទៅក្នុងបណ្ណាល័យអនឡាញរបស់CDRI រួមជាមួយកម្មវិធីផ្សព្វផ្សាយសៀវភៅសំខាន់មួយស្ដីពី ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី រួមមាន គោលនយោបាយ ទីផ្សារនិងបច្ចេកវិទ្យាក្នុង រយៈពេលជាង៥០ឆ្នាំ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានលើសពីការផ្ដល់ជំនួយហិរញ្ញប្បទាន ដោយរួមបញ្ចូឡនូវការផ្ដល់នូវចំណេះដឹងសម្រាប់ដំណោះស្រាយ ដែលជាមធ្យោបាយល្អបំផុត ដើម្បីធានាកំណើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តួនាទីនេះ កាន់តែមានសារសំខាន់ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងងើបចេញពីវិបត្តិសុខភាពសាធារៈ និងសេដ្ឋកិច្ច បណ្ដាលមកពីកូវីដ១៩។
ជាមួយគ្នានេះ លោកបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិស្ដីទីនៃវិទ្យាស្ថាន CDRI បានឱ្យដឹងផងដែរថា សៀវភៅស្ដីពីដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី ស្ថិតនៅក្នុងចំណោមឯកសារចំណេះដឹងរបស់ ADB ជាច្រើនក្នុងទម្រង់ឌីជីថល ដែលមានក្នុងបណ្ណាល័យអនឡាញរបស់CDRI ។ វិទ្យាស្ថានជឿជាក់ថា ភាពជាដៃគូសម្រាប់បណ្ណាល័យអនឡាញនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។








