ក្រុមហ៊ុនឯកជនមួយគ្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ខ្នាតតូចចំនួន៣ នៅខេត្តកោះកុង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនមួយ គ្រោងនឹងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៣កន្លែង លើផ្ទៃដីប្រមាណជិត៣០ហិកតា នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អភិបាលរងខេត្តកោះកុងលោក អ៊ុក ភ័ក្ត្រាបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នគម្រោងទាំង៣ ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែងថាអាចធ្វើបានឬទេ។

លោកបន្តថា “យើងត្រូវសិក្សាឱ្យច្បាស់លាស់ ព្រោះគម្រោងដែលដាក់ស្នើមក គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា”។

ជាមួយគ្នានេះដែរ លោកអ៊ុក ភ័ក្ត្រា ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនស្នើសុំវិនិយោគនូវចំណុចមួយចំនួនដូចជា ទី១ ត្រូវដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះ បានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។

ទី២ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសកម្លាំងពលកម្មពីក្នុងតំបន់ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

ទី៣-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិនិងជីវចម្រុះ ក្នុងនិងក្បែរទីតាំងស្នើសុំវិនិយោគ ពិសេសគឺការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម។ ទី៤ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានា ដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានតម្រូវការ។

ទោះជាយ៉ាងណា លោកអភិបាលរងខេត្តមិនបានបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុន វិនិយោគលើគំរោងនេះ និងចំណាយប្រាក់ប៉ុន្មានលានដុល្លារនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here