ដោយៈសុខុម
វ៉ាស៊ីនតោន: ផែនការហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលប្រកាសដោយក្រុមមេដឹកនាំ នៃប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ឬG7 មានគោលបំណងផ្ដល់ជម្រើសគួរឱ្យជឿទុកចិត្តបាន ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសទាំងនោះងាកចេញពីគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” (Belt and Road Initiative) របស់មហាយក្សចិន។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញមើលឃើញថា ផែនការនេះប្រឈមនឹងឧបសគ្គធំដោយសារផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលជាផែនការហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់មហាយក្សចិន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៧ មិថុនា នេះ។
-->
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន អាចបញ្ចុះបញ្ចូលបណ្ដាសម្ព័ន្ធមិត្តឱ្យចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមនេះ ដែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ដើម្បីប្រជែងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ក្រោមផែនការមួយឱ្យឈ្មោះថា “កសាងពិភពលោកឡើងវិញឱ្យកាន់តែប្រសើរ” (Build Back Better World) ហៅកាត់ B3W ដែលមានគោលបំណង ផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារ ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
ច្បាស់ណាស់ថា វាជាគម្រោងមួយដែលប្រជែងនឹងមហាយក្សចិន ដោយរដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមរួចទៅហើយ នៅក្នុងការបញ្ជ្រាបឥទ្ធិពលរបស់ខ្លួន និងបង្កើតចំណងមិត្តភាពល្អ ជាមួយបណ្ដាប្រទេសផ្សេងៗ ដោយផ្ដល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារតាមរយៈគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ទោះជាពេលខ្លះមិនទទួលបានជោគជ័យដុំកំភួនក្ដី។
លោក Eswar Prasad អ្នកជំនាញខាងបញ្ហាចិន នៅសាកលវិទ្យាល័យអាមេរិក Cornell University បានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំង “បានធ្វើការសន្យាជាច្រើនដែលខ្លួនធ្វើមិនបាន ហើយប្រទេសជាច្រើនបានបញ្ចេញ ប្រតិកម្មបែបអវិជ្ជមានប្រឆាំងប្រទេសចិន” ហើយកត្តានេះជាការបើកឱកាសល្អ សម្រាប់គំនិតផ្តួចផ្តើម B3W”។

ប្រទេសចិន បានចាប់ផ្តើមគម្រោង “ខ្សែក្រវាត់មួយ ផ្លូវមួយ” ប្រកបដោយមហិច្ឆតានេះក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវសមុទ្រដែលតភ្ជាប់តំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក ទៅកាន់ប្រទេសចិន។
ទោះជាយ៉ាងណា នៅរយៈពេល៨ឆ្នាំក្រោយមក មានពាក្យបណ្តឹងជាច្រើនកើតចេញពីគម្រោងនេះ រួមមាន ការចោទប្រកាន់អំពីការខ្វះតម្លាភាព កិច្ចសន្យាដែលពោរពេញដោយអំពើពុករលួយ និងសូម្បីបញ្ហារំលោភសិទ្ធិមនុស្ស និងការរេចរឹលនៃបរិស្ថាន។
ជាឧទាហរណ៍ រោងចក្រវារីអគ្គិសនីមួយ ដែលសាងសង់នៅលើកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី បានរងការរិះគន់យ៉ាងខ្លាំង ចំពោះការបំផ្លាញព្រៃក្រាស់នាំទឹកភ្លៀង (Rainforest) ដែលជាជម្រករបស់អម្បូរស្វាធំ Tapanuli orangutan ជិតផុតពូជ។
ទន្ទឹមនេះ លោកខាងលិច ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ ចំពោះការជំរុញឱ្យបណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍បន្តទទួលយកបំណុលរបស់ខ្លួន លើសសមត្ថភាពសងរបស់ប្រទេសទាំងនោះ សម្រាប់គម្រោងដែលល្អឆើតឆាយពេក ពោលគឺល្អតែភ្នែក។
ជាពិសេសនៅទ្វីបអាហ្វ្រិក ប្រទេសចិន ធ្វើបានជោគជ័យជាហូរហែរួចមកហើយនៅក្នុងការទទួលបានកិច្ចសន្យា ដោយដាក់តម្លៃគម្រោងរបស់ខ្លួនថោកជាង គូប្រកួតប្រជែងឆ្ងាយ។
គម្រោងរបស់ក្រុមប្រទេស G7 ត្រូវបានសេតវិមាន កោតសរសើរថាជា “ភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលមានស្តង់ដារ និងមានតម្លាភាពខ្ពស់ក្រោមការដឹកនាំ ដោយបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ដើម្បីជួយបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់ជាង៤០ទ្រីលានដុល្លារ នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍”។
ជាចុងក្រោយ មានសំណួរចោរសួរដ៏សំខាន់មួយថា តើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ដែលសុទ្ធតែជាស្ថាប័នអភិវឌ្ឍន៍ដ៏សំខាន់នឹងកាន់តួនាទីដ៏សំខាន់ នៅក្នុងការអនុវត្តគម្រោងនេះឬយ៉ាងណា៕