ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កម្ពុជានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន ក្នុងឆ្នាំ២០២២ខាងមុខនេះ។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបានថ្លែងក្នុងអង្គប្រជុំស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” កាលពីម្សិលមិញថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន។
-->
លោកបានថ្លែងដូច្នេះថា “ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន”។

លោកស៊ុន ចាន់ថុលក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងក្រុមហ៊ុន YCH មានមូលដ្ឋាននៅប្រទេសសិង្ហបុរីកាលខែមីនា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (AF) សម្រាប់ការបង្កើតគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែលជាការរួមចំណែកមួយក្នុងការជំរុញការធ្វើសមាហរណកម្មភ័ស្តុភាររបស់កម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
ការសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះកើតមានបន្ទាប់ពីដើមខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យនេះ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក។
សេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មត្រូវបានរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអង្គការ JICA ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទាំង MPWT និង YCH បានចាប់ផ្តើមការពិភាក្សាលើគម្រោង PPLC នេះដែលមានទីតាំងនៅលើដី៩៨ហិកតា ក្នុងឃុំសំរោងក្រោម ខណ្ឌដង្កោ នៅប៉ែកខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕