លោកស៊ុន ចាន់ថុលៈស្នើភាគីចិនជួយបណ្តុះបណ្តាលធនធានមនុស្សលើជំនាញ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើ់សុំភាគីចិន ជួយផ្តល់សាស្រ្តាចារ្យ និងអ្នកបច្ចេកទេសដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា លើការសាងសង់កំពង់ផែ ផ្លូវរថភ្លើងលើនិងក្រោមដី សាងសង់ស្ពានធំៗជាដើម។

ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ឋZoom ជាមួយលោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២២ មិថុនានេះ ដោយអង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពី ការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

លោកស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជា លើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។

លោកបានជម្រាបផងដែរអំពីការត្រៀមរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (ATM) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបន្ថែមថា លោកទេសរដ្ឋមន្ត្រីចង់ឃើញការរៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់នៅខេត្តសៀមរាប ហើយគណៈប្រតិភូ ដែលត្រូវចូល រួមទាំងអស់ តម្រូវឱ្យទទួលការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។

តបតាមការអញ្ជើញពីមិត្តចិន លោកទេសរដ្ឋមន្ត្រី បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្តម Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរ ដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិន បានយល់ព្រមតាមការអញ្ជើញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here