ដំណឹងល្អៈរដ្ឋាភិបាលបញ្ចប់ការសិក្សាផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណៈការជាសេនាធិកាបានបញ្ចប់ការសិក្សា លើផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣រួចហើយ ដែលគំរោងនេះនឹងលើកកំពស់សេដ្ឋកិច្ចសង្គមកម្ពុជា។
ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ផែនការមេសម្រាប់គម្រោងធំៗចំនួន៣បានបញ្ចប់ការសិក្សាជាស្ថាពររួមមាន គម្រោងសិក្សាសាងសង់រថភ្លើង Monorail និងរថភ្លើងក្រោមដី(Subway) ព្រមទាំងគម្រោងផែនការមេភស្តុភារកម្ម។

លោកបន្តថា ក្រសួងសាធារណៈការ បានសហការជាមួយទីភ្នាក់ងារ JICA ដើម្បីបង្កើតគម្រោងកំពង់ផែ Port EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគីវៀតណាម ដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ។

ក្រៅពីនេះ ក្រសួងក៏បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីទាក់ទាញវិនិយោគិន និងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងសុខមាលភាពសាធារណៈផងដែរ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបាន និងកំពុងអនុវត្តន៍បន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ(AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។

ជាមួយគ្នានេះក្រសួងកំពុងសិក្សា លើគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវ ដោយលោកស៊ុន ចាន់ថុលបានលើកឡើងអំពីគម្រោងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងដីចំណីផ្លូវ គម្រោងសាងសង់ស្ពានក្រចេះ ការទិញបានគ្រឿងចក្រត្រួតពិនិត្យគុណភាពស្ពាន ការងារសុវត្ថិភាពចរាចរណ៍ បានបង្កើតមណ្ឌលសេវា សាធារណៈដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ ការចេញបណ្ណបើកបរអន្តរជាតិសម្រាប់៩៩ប្រទេស។

លោកបន្តថា យើងបានធ្វើការជាមួយក្រសួងសង្គមកិច្ច ចេញបណ្ណបើកបរជូនជនពិការ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានគយ និងពន្ធដារដើម្បីត្រួតពិនិត្យការក្លែងបន្លំពន្ធនិងងាយស្រួលក្នុងការប្តូរកម្មសិទ្ធិយានយន្ត បានដាក់ឱ្យដំណើរការសាលាបង្រៀនបើកបរធ្ងន់ធ្ងរ បានដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីរឹតបន្តឹងនិងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គម្រោងដាក់ឱ្យដំណើរការកម្មវិធីកាត់បន្ទុកបណ្ណបើកបរ តាមរយៈទូរសព្ទដៃជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here