ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ប្រទេសបារាំង ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗប្រទេសនេះ បានផ្ដល់ឥណទានសម្បទានដល់កម្ពុជារាប់សិបលានអាមេរិក បានប្តេជ្ញាបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោយជំនួបរវាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២១ មិថុនា២០២១នេះ តាមប្រព័ន្ធអនឡាញ។
-->
នៅក្នុងជំនួបនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី EVA Nguyen Binh ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេល ០៤ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) ហើយបានកសាងស្នាដៃ និងសមិទិ្ធផលជាច្រើន ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើនផ្សេងទៀត។
លោក ក៏បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមក្នុងសកម្មភាពនាំសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងបានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេស កិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។ កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញ-ប្បទានសហប្រតិបត្តិការ ODA ឲ្យបាន០,៥៥% នៃផសស នៅឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ ជាមួយគ្នានេះ លោកស្រីក៏សម្តែងនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ពិសេសមកពីប្រទេសបារាំងឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ផងដែរថា ទោះបីជាលោកស្រីចប់អាណត្តិជាទូតរបស់បារាំងប្រចាំកម្ពុជា និងត្រលប់ទៅកាន់ប្រទេសបារាំងវិញប៉ុន្តែលោកស្រីនឹងជំរុញឱ្យវិនិយោគិនបារាំង ធុរជនបារាំងធ្វើការបណ្ដាក់ទុនរកស៊ីនិងធ្វើមុខជំនួញនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលប្រទេសកម្ពុជាបន្ថែមទៀត។
ថ្មីៗនេះ ប្រទេសបារាំងសន្យាថានឹងបង្កើនទំហំឥណទានសម្បទានរបស់ខ្លួនដល់កម្ពុជាឱ្យបានចន្លោះពី១០០លានអឺរ៉ូឬប្រមាណ១១៩លានដុល្លារអាមេរិកទៅ១២០លានអឺរ៉ូ ឬប្រមាណ១៤៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីឱ្យកម្ពុជាមានលទ្ធភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត៕