ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ គេហទំព័រព៌តមានអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានសម្រេចប្រកាសតែងតាំងទូតសុឆន្ទៈមួយរូប និងទីប្រឹក្សាចំនួនបីរូប ដើម្បីចូលរួមលើកកំពស់ការ ផ្សព្វផ្សាយពីព៌តមានអចលនទ្រព្យ ក៏ដូចជាជម្រុញទីផ្សាររបស់គេហទំព័រនេះ។
ទូតសុឆន្ទៈដែលបានតែងតាំង គឺកញ្ញាងួន ច័ន្ទចរិយា ជាតារាភាពយន្ត និងជាអ្នកធ្វើការក្នុងក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ដែលកញ្ញាមានបទពិសោធន៍ និងចំណេះដឹងជាច្រើននៅក្នុងវិស័យនេះ។

-->
ចំណែកទីប្រឹក្សាចំនួនបីរូបទៀត រួមមាន អ្នកនាងគ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុនCMC Real Estate ដែលជាអ្នកមានបទពិសោធន៍លើការងារជំនួញជាច្រើន ពិសេសក្នុងវិស័យ អចលនទ្រព្យ ទី២ អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុនAngel Realty ជាអ្នកមានបទពិសោធន៍ និងការដឹកនាំក្នុងវិស័យជំនួញ និងអចលនទ្រព្យរយៈពេលយូរឆ្នាំ និងទី៣ លោកឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញ ជាប្រធានក្លឹបCMC ដែលមានបទពិសោធន៍ជាច្រើន លើវិស័យអចលនទ្រព្យ និងកំពុងធ្វើការលើការងារលើកស្ទួយអំណាចស្រ្តីក្នុងសេដ្ឋកិច្ច។
ការរួមចំណែកជួយការងារគេហទំព័រ និងលើកកំពស់ការផ្សព្វផ្សាយព៌តមាន ដើម្បីជំរុញការរីកចម្រើនមវិស័យអចលនទ្រព្យ ជាអ្វីស្ថិតក្នុងទស្សនទានវិជ្ជមាន។

ទូតសុឆន្ទៈនៃគេហទំព័រPropertyarea.asia កញ្ញាងួន ច័ន្ទចរិយាបាននិយាយដោយស្នាមញញឹម និងភាពជឿជាក់ថា វិស័យអចលនទ្រព្យមានភាពរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេតុនេះការផ្សព្វផ្សាយព៌តមានដែលលឿន អាចទុកចិត្តបាន និងក្រមសីលធ៌មវិជ្ជាជីវៈពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកំពស់វិស័យនេះឲ្យមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិ។
កញ្ញាបន្តថា “ជាកិត្តិយស ដែលខ្ញុំបានទទួលការតែងតាំង ជាទូតសឆន្ទៈរបស់គេហទំព័រល្បីឈ្មោះនេះ ដែលនេះជាការងារខ្ញុំពេញចិត្ត ហើយចង់រួមចំណែកលើកស្ទួយនិងផ្សព្វផ្សាយពីគេហទំព័រនេះផង និងពីវិស័យអចលនទ្រព្យនៅកម្ពុជាផង”។

ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានមានប្រសាសន៍ថា ដោយសារប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ វិស័យអចលនទ្រព្យនៅកម្ពុជាពិតជាមានការរីកចម្រើនលឿន ដោយស្រ្តីក៏បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើន លើវិស័យអចលនទ្រព្យក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។
អ្នកនាងបន្តថា “ទន្ទឹមនឹងការរីកចម្រើននេះ ការផ្តល់ព៌តមានអាចទុកចិត្តបាន លឿនរហ័ស ខ្ញុំជឿជាក់លើគេហទំព័រPropertyarea.asia ដែលខ្ញុំតែងតែតាមដាន”។អ្នកនាងបន្តថា “វាជាកិត្តិយសមួយ ដែលខ្ញុំទទួលបានការតែងតាំងជាទីប្រឹក្សា ទទួលបន្ទុកផ្នែកទីផ្សារ ដែលខ្ញុំនឹងរួមចំណែកជួយដល់គេហទំព័រនេះ ឲ្យមានភាពរីកចម្រើន ដើម្បីអាចមានលទ្ឋភាពកាន់តែច្រើន លើការផ្សព្វផ្សាយព៌តមានកាន់តែសម្បូរបែប សំរាប់អ្នកអាននៅកម្ពុជា។

ការផ្តល់នូវព៌តមានពិត លឿន រហ័ស ប្រកបដោយទំនុកចិត្ត និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈជាអ្វី ដែលគេហំព័រPropertyarea.asiaផ្តោតជាសំខាន់ និងចាត់ទុកជាស្នូលនៃភាពជោគជ័យ និងដំណើរការរបស់យើង។
អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុនAngel Realtyបានលើកឡើងជាមួយទំនុកចិត្ត និងស្នាមញញឹមថា នេះជាកិត្តិយសមួយ ដែលខ្ញុំបានទទួលការតែងតាំងពីថ្នាក់ដឹកនាំរបស់គេហទំព័រPropertyarea.asia។
វាជាគេហទំព័រមួយ ដែលបាននិងកំពុងផ្សព្វផ្សាយព៌តមានអចលនទ្រព្យ ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិ ឈានមុខគេនៅកម្ពុជា។
អ្នកនាងបន្តថា “វាជាការងារស្ម័គ្រចិត្ត តែខ្ញុំនឹងជួយផ្សព្វផ្សាយ លើកកំពស់កេរ្ត៍ឈ្មោះគេហទំព័រនេះឈានទៅមុខ និងចូលរួមលើកកំពស់ការផ្សព្វផ្សាយ ក៏ដូចជាផ្តល់ទំនុកចិត្តក្នុងវិស័យនេះផងដែរ”។

រីឯលោកឡោ វិចិត្រអនុប្រធានសមាគមអចលនទ្រព្យសកល ដែលមានជំនាញលើការផ្សព្វផ្សាយព៌តមាន និងអចលនទ្រព្យបានមានប្រសាសន៍ថា លោកបានស្គាល់និងតាមដានព៌តមាន ជាប់ជាប្រចាំពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ដែលមានគេហទំព័រជាច្រើនបានផ្សព្វផ្សាយ ប៉ុន្តែភាពលេចធ្លោនៃគេហទំព័រPropertyarea.asia ជាទំនុកចិត្តដែលអាចផ្តល់ដល់សាធារណៈជនជាតិ អន្តរជាតិអាចប្រើប្រាស់ជាត្រីវិស័យបាន។
លោកបន្តថា “ព៌តមានមានសារៈសំខាន់ណាស់ ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជា វិស័យផ្សេងៗទៀត ហេតុនេះការអានព៌តមានដែលអាចទុកចិត្តបាន ឈរលើមូលដ្ឋានក្រមសីលធ៌មនិងវិជ្ជាជីវៈ គឺគេហទំព័រPropertyarea.asia កំពុងធ្វើបានល្អ”។
ដោយឈរលើមូលដ្ឋានព៌តមានលឿន រហ័ស អាចទុកចិត្តបាន និងក្រមសីលធ៌មវិជ្ជាជីវៈ ភាពជោគជ័យរបស់គេហទំព័រPropertyarea.asia បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ព៌តមានដែលអាចជឿជាក់ វិភាគបានសំរាប់វិនិយោគិនជាតិ អន្តរជាតិ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា ការសម្រេចតែងតាំងទូតសុឆន្ទៈ និងទីប្រឹក្សាចំនួន៣រូបខាងលើពិតជាធ្វើឲ្យលោកមានក្តីរីករាយ និងមានទំនុកចិត្តកាន់តែច្រើនឡើង ដើម្បីបន្តបេសកកម្ម ផ្សព្វផ្សាយព៌តមានឲ្យបានកាន់តែច្រើន កាន់តែលឿនបន្ថែមទៀត នៅក្នុងវិស័យសារគមនាគមន៍ ដែលកំពុងប្រកួតប្រជែងគ្នានេះ។
លោកបន្តថា “ការតែងតាំងទូតសុឆន្ទៈ និងទីប្រឹក្សាទាំងបីរូប ដោយសារខ្ញុំគិតថាពួកគាត់ជាបុគ្គលដែលមានគុណតម្លៃ មានទំនាក់ទំនងល្អក្នុងសង្គម និងមានបទពិសោធន៍លើលើវិស័យអចលនទ្រព្យ ព៌តមាន និងស្គាល់ច្បាស់ពីស្ថានភាពទីផ្សារនៅកម្ពុជា”៕