រដ្ឋាភិបាលចាប់ផ្តើមអនុវត្តតម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣តម្លៃជាង១០០លានដុល្លារ

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តតម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ខណៈអ្នកទទួលផលពីគម្រោង(LASED III) មានចំនួនសរុប៦៥០០គ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តតម្រោង LASED III តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ក្រសួងរៀបចំដែនដី បានឱ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះឥណទានធនាគារពិភពលោកចំនួន៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦។

គម្រោងនេះនឹងផ្តោតលើភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន៧១ ក្នុងនោះ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប៣០០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១០០០០ហិកតា និងមានអ្នកទទួលផលសរុប៦៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច១៥០០គ្រួសារ។

សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន៥ តីការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល។

តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់លំនៅឋាន និងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុនក្នុងការចាប់ផ្តើមកសាងជីវភាព រស់នៅ និងបង្កបង្កើនផល។

ជាមួយនេះ គម្រោងនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាមូលដ្ឋានបណ្តុះបណ្តាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ដែលជារបៀបវារៈសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here