រដ្ឋមន្ត្រីការបរទេសចិន: គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅតែបោះជំហានឆ្ពោះទៅមុខដោយភាពរឹងមាំទោះស្ថិតក្នុងវិបត្តិកូវីដ-១៩

0

ដោយៈ សុខុម

ប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងគម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) នៅតែបោះជំហានឆ្ពោះទៅមុខដោយភាពរឹងមាំ និងភាពធន់ទ្រាំ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្ដី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បានថ្លែងបែបនេះក្នុងសន្និសីទតាម Video Conference ស្ដីពីកិច្ចសហប្រតិបត្តិការដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះ។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក វ៉ាង យី ដូច្នេះថា “កាលពីឆ្នាំមុន ចំពេលផ្ទុះឡើងភ្លាមៗនូវវិបត្តិកូវីដ-១៩ កិច្ចសហប្រតិបត្តិការក្នុងគម្រោង ‘គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ’ មិនត្រឹមតែមិនជាប់គាំងទេ ប៉ុន្តែថែមទាំងឈ្មុសឈ្មុលឆ្លងផុតព្យុះភ្លៀងនេះទៀតផង ដែលបង្ហាញពីភាពធន់ទ្រាំ និងភាពស្វាហាប់”។

មន្ត្រីការទូតកំពូលរបស់មហាយក្សចិន រូបនេះបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ បានជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩។ លើសពីនេះទៀត សន្និសីទអន្តរជាតិរាប់សិបត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទិននឹងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកវ៉ាង យីក៏បានធ្វើការកត់សម្គាល់ផងដែរថា ទោះបីប្រឈមនឹងស្ថានភាពឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកដែលចូលរួមក្នុងកម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងទំហំ១,៣៥ទ្រីលានដុល្លារ ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងការពារសុខុមាលភាពរបស់ប្រជាជន។

“គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ត្រូវបានប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដាក់ចេញក្នុងឆ្នាំ២០១៣ ដើម្បីបង្កើនគម្រោងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិពហុភាគីដែលមានការចូលរួមពីប្រទេសជាច្រើនតាមដែលអាចធ្វើទៅបាន និងប្រើប្រាស់មូលនិធិវិនិយោគចិន និងបរទេស។ គិតមកទល់ពេលនេះ មានប្រទេស និងស្ថាប័នអន្តរជាតិជាង១៥០ហើយដែលបានចូលរួមក្នុងគម្រោងយក្សនេះ។

ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានកើនលើសពី៩,២ទ្រីលានដុល្លារ ហើយក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here