ដោយៈ សុខុម
ភ្នំពេញៈ នៅពេលដែលពិភពលោកមិនទាន់ផ្ទុះវិបត្តិឆ្លងរាលដាលកូវីដ-១៩ ឧស្សាហកម្មសណ្ឋាគាររកស៊ីកាក់កបយ៉ាងខ្លាំង និងសប្បាយកើបលុយទាំងថ្ងៃទាំងយប់។
ហើយដោយសារកំណើនឥតឈប់ឈរនៃការធ្វើដំណើរកម្សាន្តទូទាំងពិភពលោក នៅមុនពេលផ្ទុះការឆ្លងរាលវីរុសដ៏កាចសាហាវនេះដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ និងផ្ដាច់ជីវិតមនុស្សរាប់លាននាក់ សំណង់សណ្ឋាគារដុះដូចផ្សិតពាសពេញភពផែនដី ហើយសណ្ឋាគារទាំងនោះក៏ពង្រីកខ្លួនកាន់តែធំឡើងៗ។
-->

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា កំពូលសណ្ឋាគារធំៗបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ ហើយស្ថិតនៅក្នុងប្រទេសណាខ្លះ? តោះ មកស្គាល់ទាំងអស់គ្នា!

យោងតាមសារព័ត៌មាន Newshub ចុះផ្សាយកាលពីថ្ងៃទី៩ ខែមីនា ដើមឆ្នាំនេះឱ្យដឹងថា សណ្ឋាគារចំនួន៥ក្នុងចំណោមសណ្ឋាគារធំបំផុតទាំង១០ក្នុងពិភពលោកបើគិតពីចំនួនបន្ទប់ គឺស្ថិតនៅឡាសវេហ្គាស (Las Vegas) ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតទី២៨ ក្នុងសហរដ្ឋអាមេរិក និងដែលសម្បូរដោយសណ្ឋាគារ និងកាស៊ីណូធំៗ។ ដូចនេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយដែលក្នុងទីក្រុងនេះមានបន្ទប់សណ្ឋាគារសរុបរហូតដល់ទៅជាង១៥០.០០០បន្ទប់។

សណ្ឋាគារ Barkhatnie Sezony នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី បានជាប់ឈ្មោះជាសណ្ឋាគារធំបំផុតក្នុងពិភពលោកជាមួយនឹងបន្ទប់ចំនួន៨.៥០០បន្ទប់ នៅពេលសាងសង់បញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៤ សម្រាប់ទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Winter Olympic Games)។ ប៉ុន្តែក្រោយមកសណ្ឋាគារនេះបានកាត់បន្ថយចំនួនបន្ទប់មកនៅត្រឹម៤.៦៨៨បន្ទប់វិញ ដែលធ្វើឱ្យធ្លាក់មកនៅចំណាត់ថ្នាក់លេខ៩។

សណ្ឋាគារទាំង១០នោះមានដូចខាងក្រោម៖
*ចំណាត់ថ្នាក់លេខ១៖ សណ្ឋាគារ First World Hotel ទីតាំង៖ ប្រទេសម៉ាឡេស៊ី ចំនួនបន្ទប់៖ ៧.៣៥១បន្ទប់។
*ចំណាត់ថ្នាក់លេខ២៖ សណ្ឋាគារ The Venetian Resort Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៧.០៩២បន្ទប់។
*ចំណាត់ថ្នាក់លេខ៣៖ សណ្ឋាគារ MGM Grand Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៦.៨៥២បន្ទប់។
*ចំណាត់ថ្នាក់លេខ៤៖ សណ្ឋាគារ CityCenter Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៦.៧៩០បន្ទប់។
*ចំណាត់ថ្នាក់លេខ៥៖ សណ្ឋាគារ Sands Cotai Central (ទើបតែប្ដូរឈ្មោះថ្មីថា The Londoner) ទីតាំង៖ ម៉ាកាវ ប្រទេសចិន ចំនួនបន្ទប់៖ ៦.២៤៦បន្ទប់។
*ចំណាត់ថ្នាក់លេខ៦៖ សណ្ឋាគារ Abraj Al Bait ទីតាំង៖ ប្រទេសអារ៉ាប៊ីសាអូឌីត ចំនួនបន្ទប់៖ ៥.៣៨៣បន្ទប់។
*ចំណាត់ថ្នាក់លេខ៧៖ សណ្ឋាគារ Izmailovo Hotel ទីតាំង៖ ក្រុងមូស្គូ រុស្ស៊ី ចំនួនបន្ទប់៖ ៥.០០០បន្ទប់។
*ចំណាត់ថ្នាក់លេខ៨៖ សណ្ឋាគារ Wynn Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៤.៧៥០បន្ទប់។
*ចំណាត់ថ្នាក់លេខ៩៖ សណ្ឋាគារ Barkhatnie Sezony ទីតាំង៖ ក្រុង Sochi រុស្ស៊ី ចំនួនបន្ទប់៖ ៤.៦៨៨បន្ទប់
*ចំណាត់ថ្នាក់លេខ១០៖ សណ្ឋាគារ Mandalay Bay Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៤.៤២៦បន្ទប់៕