ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងបើកឲ្យដំណើរការ និងការសាងសង់ព្រលានយន្តហោះថ្មីចំនួនពីរទៀតបាននិងកំពុងជាប់គាំង ដោយសារវិបត្តិកូវីដ១៩កំពុងរីករាលដាលកាន់តែធ្ងន់ធ្ងរ។
ជាមួយនឹងវិបត្តិនេះ សេដ្ឋកិច្ចកម្ពុជានឹងជួបភាពមិនច្បាស់់លាស់ ខណៈសេនារីយោមួយរបស់ធនាគារពិភពលោក គឺសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំនើនប្រមាណ១ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងត្រូវបានពន្យាពេល និងអាចពន្យាពេលយូរថែមទៀត ដោយសារជំងឺកូវីដ១៩៩ ខណៈព្រលានយន្តហោះនេះបានបញ្ចប់ការសាងសង់រួចហើយ នៅរង់ចាំតែក្រុមការងារបច្ចេកទេសធ្វើតេស្តការហោះហើរប៉ុណ្ណោះ។
លោកបន្តថា “អ្នកជំនាញអន្តរជាតិមិនទាន់ធ្វើដំណើរមកកម្ពុជាបាន ដោយសារបារម្ភពីជំងឺកូវីដ១៩ ប៉ុន្តែព្រលាននេះសាងសង់រួចហើយ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តឲ្យដឹងទៀតថា ចំណែកព្រលានយន្តហោះក្រុងបាត់ដំបង ដែលគ្រោងស្តារឡើងវិញ ក្រុមការងារក៏បានផ្អាកផងដែរ ដោយសារវិបត្តិជំងឺនេះ ហើយការចាប់ផ្តើមសិក្សានាពេលណាឡើងវិញ ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
រីឯព្រលានយន្តហោះខេត្តមណ្ឌលគិរី ក្រុមការងារបច្ចេកទេសបានចុះសិក្សាផងដែរ ប៉ុន្តែការសិក្សាបានដំណើរការយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺនេះផងដែរ។នេះបើតាមការឲ្យដឹងពីលោកស៊ិន ចាន់សិរីវុត្ថា។
លោកបន្តថា ព្រលានយន្តហោះខេត្តមណ្ឌលគិរី ជាព្រលានខ្នាតតំបន់ឬខ្នាតអន្តរជាតិនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ១០០លានដុល្លារអាមេរិក។
ទោះជាព្រលានទាំងបីនេះមានបញ្ហាក្តី ប៉ុន្តែការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាបនៅតែដំណើរការយ៉ាងសកម្ម និងបញ្ចប់តាមផែនការគ្រោងទុក៕