ដោយៈគង់ សូរិយា
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានស្នើឲ្យប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់ ខណៈការចាក់នៅរាជធានីភ្នំពេញ នឹងបញ្ចប់នៅសប្តាហ៍ទី១ខែកក្កដាខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដែលមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជា (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត បានដំណើរការទៅយ៉ាងរលូន។
សេចក្ដីជូនដំណឹងនេះឱ្យដឹងថា មានពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅបានចូលរួមចាក់វ៉ាក់សាំងយ៉ាងសស្រាក់សស្រាំ តាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកទល់ថ្ងៃទី ២៣ មិថុនា គឺមាន ពលរដ្ឋនៅរាជធានី១,៦៦២,៣៥៦នាក់ បានចាក់ដូសទី១ និងចំនួន១,៤៩៨,៧៨៧នាក់បានចាក់ដូសទី២រួចរាល់។







