ប្រជាពលរដ្ឋនៅភាគពាយ័ព្យផ្អើលទិញដី បន្ទាប់ពីទទួលបានព៌តមានពីការសាងសង់ផ្លូវពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង

0

ដោយៈគង់ សូរិយា
ពាយ័ព្យៈ បន្ទាប់ពីមានការចុះផ្សាយ ពីគំរោងសាងសង់ផ្លូវពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបងរបស់គេហទំព័រPropertyarea.asiaកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅភូមិភាគពាយ័ព្យប្រទេសជាច្រើន បានផ្អើលទិញដីនៅខេត្តបាត់ដំបង។

ប្រភពព៌ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ មិថុនាកន្លងមកថា បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនបានសម្រុកទិញដីនៅខេត្តបាត់ដំបង ពិសេសនៅតំបន់ជុំវិញទីរួមខេត្ត ដោយសារពួកគេទទួល​បានព៌តមានពីការសាងសង់ផ្លូវចេញពីខេត្តសៀមរាប មកកាន់ខេត្តបាត់ដំបង របស់រដ្ឋាភិបាលនាពេលខាងមុខ។

ទោះជាយ៉ាងណាផ្លូវដែលគ្រោងសាងសង់នេះ ចាប់ផ្តើមចេញពីតំបន់ណា និងសាងសង់នាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ជាមួយគ្នានេះ កាលពីខែឧសភាកន្លងមកនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រាក៏បានប្រកាសសាងសង់រមណីយដ្ឋាន លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មលើទំហំដី៥០០​ហិកតាក្នុងខេត្តបាត់ដំបងផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីខែឧសភាកន្លងមកឲ្យដឹងផងដែរថា រដ្ឋាភិបាលពិតជាមានបំ​ណ​ង​សាងសង់ផ្លូវនេះមែន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទាក់ទាញទេស​ចរណ៍អន្តរជាតិ ទៅសម្រាកលំហែរនៅក្រុងបាត់ដំបង ព្រោះបើពួកគេចេញតាមផ្លូវជាតិលេខ៥ ពួកគេនឹងឆ្ពោះទៅកាន់ប្រទេសថៃ។

លោកបន្តថា “វាជាគំរោងអាទិភាពមួយ ហើយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់បានគំរោងនេះដំណើរការលឿនណាស់”។លោកបន្តថា “តាមគំរោងក្រសួងគ្រោងនឹងសាងសង់ប៉មនៅកណ្តាលទន្លេសាបមួយ ដើម្បីឲ្យភ្ញៀវទេសចរណ៍សម្រាកលំហែរ និងគយគន់ទេសភាពទន្លេសាប ដែលមានភាពស្រស់ស្អាតខ្លាំងណាស់”។

លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ការសាងសង់ប៉មបែបនេះ បានធ្វើនៅប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េ និងទីក្រុងហុងកុងជាដើម ដោយសារភ្ញៀវទេសចរណ៍ចូលចិត្ត។លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះ មិនទាន់បានសិក្សាចប់ និងអាចចាប់ផ្តើមសាងសង់នាពេលណា យើងមិនទាន់ដឹងនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here