ដោយៈ គង់ ម៉ាលីន
ឧត្តរមានជ័យៈ ស្លាកស្នាម និងកេរដំណែលនៃមេដឹកនាំខ្មែរក្រហម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានរឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពាក្យចងចាំ និងគួរឲ្យចាប់អារម្មណ៍ជាងគេរបស់តាម៉ុក គឺ “លើម៉ុកមានមួក លើមួកមានមេឃ”។

-->
ស្រុកអន្លង់វែងជាទីតាំងដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនៅជាប្រធានបទសម្រាប់ការពិភាក្សាវែកញែក ដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ អន្លង់វែងបានក្លាយជាស្រុកចុងក្រោយគេបង្អស់ ដែលធ្វើសមាហរណកម្ម ចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់ពីលោកឈិត ជឿន ហៅ (តា ម៉ុក) អតីតមេដឹកនាំខ្មែរក្រហម បានគ្រប់គ្រងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩។
តាម៉ុក ធ្លាប់ជាប្រធានភូមិភាគនិរតីរបស់របបខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”។ របបនេះត្រូវបានជឿថាទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជិត២លាននាក់។
នៅក្នុងពេលដែលតា ម៉ុកគ្រប់គ្រងស្រុកអន្លង់វែង អំណាចរបស់តាម៉ុក រីកដុះដាលកាន់តែខ្លាំងឡើង ហើយប្រជាជនស្រុកអន្លង់វែង មានសេចក្តីគោរព ចំពោះតាម៉ុកយ៉ាងខ្លាំង។
ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាជនរបស់គាត់ តា ម៉ុក បានចំណាយពេលជាច្រើនខែ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានក្លាយជាកេរ្តិ៍ដំណែលនៃសម័យកាលដែល តា ម៉ុក កាន់អំណាចនៅស្រុកអន្លង់វែង (១៩៨៩-១៩៩៨)។
សព្វថ្ងៃនេះ អតីតផ្ទះតាម៉ុក គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងទាំង១៤ ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។
នៅពេលធ្វើដំណើរដល់ស្រុកអន្លង់វែង ភ្ញៀវទេសចរកម្រខកខានឱកាស ក្នុងការចូលទៅទស្សនា “សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង” ដែលធ្លាប់ជាផ្ទះរបស់តាម៉ុកនេះណាស់។

បច្ចុប្បន្ន មានពិព័រណ៌រូបថត១០០សន្លឹក បានដាក់តាំងបង្ហាញជូនសាធារណជននៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ដែលរូបថតនីមួយៗ បានកំពុងរំលឹកនូវរឿងរ៉ាវដ៏ច្រើនអនេកស្តីពី អតីតកាលដ៏អន្ធការរបស់ប្រទេសកម្ពុជា និងបម្រើឱ្យការចងចាំ និងការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅចំពោះសម័យកាលនោះ៕
