ហានិភ័យៈមេរោគកូវីដDelta ឆ្លងតាមរយៈខ្យល់ និងមានល្បឿនលឿនគួរឲ្យខ្លាច ខណៈអង្គការWHOព្រមាន

ចែករំលែក

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វីរុសកូវីដ១៩ បំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា អាចឆ្លងលឿន និងខ្លាំងបំផុតប្រើពេលត្រឹមតែ៥ ទៅ១០វិនាទីប៉ុណ្ណោះ។

លោកស្រីវេជ្ជបណ្ឌិត Kerry Chant ប្រធានផ្នែកសុខាភិបាលនៃរដ្ឋ New South Wales បានចង្អុលបង្ហាញថា ករណីនេះកើតឡើងនៅឯផ្សារទំនើប Westfield Bondi Junction នៅជាយក្រុងស៊ីដនី បន្ទាប់ពីមនុស្ស២នាក់ដើរកាត់គ្នា និងក្បែរគ្នារយៈពេលពីរបីវិនាទី ពេលកំពុងដើរទិញឥវ៉ាន់ ។

ជាមួយគ្នានេះ លោកស្រី Lara Herrero អ្នកឯកទេសខាងរោគល្អិតនៃសាកលវិទ្យាល័យ Griffith បាននិយាយថា វីរុសនេះអាចស្ថិតនៅក្នុងខ្យល់បានយូរល្មម ហើយនៅពេលមនុស្សដកដង្ហើមចូល វានឹងឆ្លងតែម្ដង ។ ផ្អែកលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះ បានចង្អុលបង្ហាញថា វីរុសបំប្លែងខ្លួនឥណ្ឌា ហាក់ដូចជាប្រភេទវីរុសដែលសាហាវ និងរាតត្បាតខ្លាំងបំផុត។

លោកស្រីបន្តថា“អ្នកចាំទេ នៅពេលរោគរាតត្បាតកូវីដ១៩ ចាប់ផ្តើម ខ្ញុំបាននិយា​យអំពីទំនាក់ទំនងជិតស្និទ្ធ រយៈពេល១៥នាទី គឺជាក្តីបារម្ភ ប៉ុន្តែឥឡូវនេះវាហាក់ដូចជាចំណាយពេលត្រឹមតែ៥ ទៅ១០ វិនាទីប៉ុណ្ណោះ”។លោកស្រីបន្តថា “នេះជាការព្រួយបារម្ភ ហើយឥឡូវនេះហានិភ័យ គឺខ្ពស់ជាងឆ្នាំមុនទៅទៀត”។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Mike Ryan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា វីរុសបំប្លែងខ្លួននេះ អាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លងចូលកោសិកា ហើយយើងកំពុងត្រូវការការសិក្សាបន្ថែមទៀត ដើម្បីកំណត់ចំនួនករណីឆ្លងវីរុសនេះ ។

ចំណែកលោក Tedros Adhanom Ghebreyesus ប្រធាន WHO បានចេញការព្រមានក្នុងទិសដៅតែមួយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺជាប្រភេទវីរុសបំប្លែងខ្លួនងាយឆ្លងបំផុត ។

លោកបញ្ជាក់ថា “ឥឡូវនេះវាបានរីករាលដាល នៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន៩៦ ជាពិសេសនៅក្នុងប្រទេសក្រីក្រ ដែលខ្វះខាតវ៉ាក់សាំង ហើយវានឹងរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់”៕

 


ចែករំលែក