ក្រុមហ៊ុនកាស៊ីណូអាមេរិក MGM Resorts ទិញយកភាគហ៊ុនបុត្រសម្ព័ន្ធរបស់ Dubai World ក្នុងតម្លៃជាង២ពាន់លានដុល្លារ

0

សុខុម

ឡាសវេហ្គាស: ក្រុមហ៊ុនកាស៊ីណូអាមេរិក MGM Resorts បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី០១ កក្កដា ថា ខ្លួននឹងទិញយកភាគហ៊ុនដែលនៅសេសសល់៥០%នៅក្នុងការវិនិយោគរួមគ្នារបស់ខ្លួននៅក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក ពីបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនវិនិយោគ Dubai World នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងតម្លៃ២,១២ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី០២ កក្កដា ឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ CityCenter Holdings ដែលជាការវិនិយោគរួមគ្នាខាងលើនេះជាបណ្ដុំសំណង់រួមមានរមណីយដ្ឋាន & កាស៊ីណូ Aria Resort and Casino និងសណ្ឋាគារ & ស្ប៉ា Vdara Hotel and Spa។

បន្ទាប់ពីទិញយក CityCenter Holdings ពីក្រុមហ៊ុន Infinity World Development Corp ក្រុមហ៊ុន MGM Resorts បានប្រកាសថា ខ្លួននឹងលក់ក្រុមហ៊ុននេះឱ្យទៅក្រុមហ៊ុន Blackstone ក្នុងតម្លៃ៣,៨៩ពាន់លានដុល្លារ ជាសាច់ប្រាក់សុទ្ធ។

កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន MGM Resorts ដើម្បីបង្កើនសាច់ប្រាក់តាមរយៈការលក់អចលនទ្រព្យ ហើយយកប្រាក់ទាំងនោះទៅវិនិយោគបង្កើតកន្លែងភ្នាល់កីឡា និងការអភិវឌ្ឍកាស៊ីណូនៅប្រទេសជប៉ុន។

លោក Bill Hornbuckle នាយកប្រតិបត្តិក្រុមហ៊ុន MGM Resorts បានថ្លែងថា “យើងរំពឹងថានឹងបន្តអនុវត្តយុទ្ធសាស្រ្តរបស់យើង ហើយប្រើប្រាស់ប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់យើងដើម្បីទទួលបានឱកាសកំណើនថ្មីៗ”។

ក្រោយការលក់ ក្រុមហ៊ុន Blackstone នឹងជួលអចលនទ្រព្យទាំងពីរគឺកាស៊ីណូ Aria Resort and Casino និងសណ្ឋាគារ Vdara Hotel and Spa ឱ្យទៅក្រុមហ៊ុន MGM Resorts សម្រាប់ឆ្នាំដំបូងក្នុងតម្លៃ២១៥លានដុល្លារ។ តាមការរំពឹងទុក កិច្ចព្រមព្រៀងទិញលក់នេះនឹងបិទបញ្ចប់ជាស្ថាពរនៅក្នុងត្រីមាសទី៣ នេះ។

ក្រុមហ៊ុន MGM Resorts បានទិញយកក្រុមហ៊ុន CityCenter Holdings ក្នុងតម្លៃប្រមាណ៥,៨ពាន់លានដុល្លារ រួមទាំងបំណុលសុទ្ធ១,៥ពាន់លានដុល្លារ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here