ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជា និងវៀតណាមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តែសូមឱ្យដំណើរការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅធម្មតា និងត្រូវជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរលូន។
សម្ដេចតេជោមានប្រសាសន៍បែបនេះ នៅក្នុងជំនួងជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំប្រទេសកម្ពុជាដែលបញ្ចប់អាណត្តិបេសកកម្មការទូតកាលពីព្រឹកថ្ងៃទី៣ កក្កដា ២០២១។
-->

លោកវូ ក្វាងមិញអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងរយៈពេលជិត៤ឆ្នាំកន្លងម ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពរឹងមាំ និងមានការរីកចម្រើនជាបន្តបន្ទាប់។ ដោយ ឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។
លោក ចាត់ទុកថា នេះគឺជាជោគជ័យ ហើយជោគជ័យនេះគឺជាសុភមង្គលរបស់អ្នកការទូតប្រចាំប្រទេសនីមួយៗ។ លោកបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានចូលរួមសហការជាមួយធ្វើឱ្យ បេសកកម្មកាទូតរបស់លោក នៅកម្ពុជាទទួលបានជោគជ័យ។
សម្ដេចតេជោ ថ្លែងអំណរគុណចំពោះឯកឧត្តមទូត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនៅកម្ពុជា ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើននិងកាន់តែរឹងមាំ។

សម្ដេចតេជោបានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីនឹងធ្វើគឺទី ១ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ -១៩ តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដល់ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ទី២ បន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគ និងទី៣ ពិនិត្យទៅលើវិស័យផ្សេងៗទៀតដែលភាគីទាំងពីរអាចរួមគ្នាបាន៕