ភ្នំពេញ៖ សណ្ឋាគារ Abraj Al Bait ស្ថិតនៅក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត បានចំណាយថវិការប្រមាណជា១៥ពាន់លានដុល្លារអាមេរិក ហើយវាស្ថិតក្នុងចំណោមអគារខ្ពស់ និងប្រណីតទាំង១០ ដែលចំណាយច្រើនជាងគេនៅលើពិភពលោក។

សណ្ឋាគារ Abraj Al Bait មានកម្ពស់៦០១ម៉ែត្រ ជាសណ្ឋាគារដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោក ដែលមានផ្ទៃក្រឡា១,៥លានម៉ែត្រការ៉េ និងអាចផ្ទុកមមានមនុស្សស្នាក់នៅបានប្រមាណជា ១០០.០០០នាក់ នោះបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០១២ ។ មុនដំបូងគេមានគម្រោងសាងសង់អគារនេះក្នុងកម្ពស់៧៣៤ម៉ែត្រ ក្នុងឆ្នាំ២០១៦ តែមកដល់ឆ្នាំ២០០៩ គម្រោងនេះ ត្រូវបានគេប្រកាសជាសាធារណៈសាងសង់កម្ពស់ត្រឹមតែ៦០១ម៉ែត្រវិញ។
-->

អគារនេះត្រូវបានគេស្គាល់ផងដែរថា ជាអគារ Makkah Royal Clock Tower ដែលត្រូវបានរចនាឡើង ដោយក្រុមស្ថាបត្យកម្មមកពីប្រទេសលីបង់ ដាអាលហាណា (Dar Al-Handasah) ហើយមាននាឡិកាខ្ពស់ និងធំជាងគេបំផុតនៅលើពិភពលោក ដែលមានកម្ពស់៥៣០ម៉ែត្រ និងមានអង្កត់ផ្ចិត៤៣ម៉ែត្រហើយអាចមើលឃើញពីចម្ងាយ៣០គីឡូម៉ែត្រ។ ផ្នែកខាងលើនៃប៉មនាឡិកា ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអាល្លឺម៉ង់ SL Rasch និងមានខ្សែកម្ពស់២៣ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដោយមាសពណ៌លឿង។

អគារដែលមានកម្ពស់ ៦០១ម៉ែត្រ និងមាន១២០ជាន់បានជាប់ចំណាត់ថ្នាក់ថា ជាអគារខ្ពស់បំផុតលំដាប់ទី៣នៅឆ្នាំ ២០១៧នេះ ក្នុងចំណោមអាគារខ្ពស់នៅជុំវិញពិភពលោកបន្ទាប់ពីអគារ Burj Khalifa និង Shanghai Tower ។ អគារដែលមាននាឡិកាស្ថិតនៅចំកណ្តាលនេះ មានកម្ពស់២ម៉ែត្រខ្ពស់ជាងមជ្ឈមណ្ឌលហិរញ្ញវត្ថុភីងអាន(Ping An Financial Center) ដែលទើបនឹងសាងសង់ថ្មីរបស់ ក្រុមហ៊ុនស៊ិនជិន (Shenzhen)ដែលមានប៉មខ្ពស់ នៅប្រទេសចិន។ អគារ Mekkah Royal Clock Hotel មិនត្រឹមតែត្រូវបានបំរើជាសណ្ឋាគារប៉ុណ្ណោះទេ វាថែមទាំងមានផ្សារទំនើប សារមន្ទីរអ៊ីស្លាម លំនៅដ្ឋាន និងជាទីកន្លែងសាសនាសម្រាប់ថ្វាយបង្គំផងដែរ។ ទោះជាយ៉ាងណាអគារនេះ ត្រូវបានប្រើជាចម្បងជាសណ្ឋាគារ មានចំនួន៨៥៨បន្ទប់ ដែលដំណើរការដោយ Fairmont Hotels and Resorts ជាក្រុមហ៊ុនសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ របស់ប្រទេសកាណាដា៕


