ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ការសាងសង់កំពង់ផែកោះទន្សាយ សម្រេចបាន៧៥ភាគរយហើយ ខណៈកំពង់ផែនេះ នឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ទេសចរណ៍ ជាមួយប្រទេសក្នុងតំបន់។
ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ សោភ័ណបានមានប្រសាសន៍ឲ្យដឹងកាលពីចចុងសប្តាហ៍កន្លងមកថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ។ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចផែនការបានប្រមាណ៧៥ភាគរយហើយ។
លោកបន្តថា ទោះបីស្ថិតក្នុងរដូវកាលកូវីដ-១៩ បន្តរាតត្បាត ដែលធ្វើឲ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញចូលច្រើនដូចឆ្នាំមុនៗ ប៉ុន្តែសហគមន៍ទូកទេសចរណ៍កោះទន្សាយ នៅតែបន្តដំណើរការដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទៅលម្ហែ ទស្សនាកម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែចំណតទូក ប្រហែល៥គីឡូម៉ែត្រ។
កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីជាចំណតទូកនាំដំណើរអ្នកទេសចរណណ៍ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចតទូកដឹកទំនិញធុនស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ផែទេសចរណ៍នេះកំពុងសាងសង់យ៉ាងសកម្ម ដោយវានឹងដើរតួសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍រវាងកម្ពុជា វៀតណាម ពិសេសការតភ្ជាប់ទេសចរណ៍ជាមួយកោះត្រល់ ប្រទេសវៀតណាម។លោកបន្តថា កំពង់ផែនេះមានសមត្ថភាពឲ្យកាណូតទេសចរណ៍ ដែលផ្ទុកមនុស្សចន្លោះ១៥០ទៅ២០០នាក់អាចចូលចតបាន។
លោកបន្តថា “ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹក ពិសេសជាមួយប្រទេសក្នុងតំបន់ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ”។
ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការមេ រៀបចំខេត្តកែបឲ្យក្លាយជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយរដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសនានា ដែលធ្វើឲ្យមានការបំពុលបរិស្ថាននៅក្នុងខេត្តនេះនោះឡើយ៕