មហាយក្សចិនផ្តួលសហរដ្ឋអាមេរិកនៅក្នុងការប្រណាំងប្រជែងការវិនិយោគ ក្នុងតំបន់អាស៊ាន

0

ដោយៈសុខុម

ហ្សាការតា: ប្រទេសចិន គ្រោងបើករោងចក្រផលិតបន្ទះសូឡាដ៏ធំមួយ នៅម៉ាឡេស៊ី និងស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រនៅក្នុងតំបន់អាស៊ាន ខណៈសហរដ្ឋអាមេរិកកំពុងព្យាយា​មទប់ទល់ឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា រោងចក្រខាងលើនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនយក្សចិន Risen Energy ដែលបានព្រមព្រៀងវិនិយោគ ក្នុងទឹកប្រាក់ទំហំ១០,១ពាន់លានដុល្លារក្នុងឧស្សាហកម្មបន្ទះសូឡាក្នុងប្រទេសម៉ាឡេស៊ី។

មួយថ្ងៃមុននេះ ប្រទេសចិន បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយក្រុមរដ្ឋមន្រ្តី នៃគណៈរដ្ឋមន្រ្តីក្នុងបណ្ដាប្រទេសជាដៃគូសហការ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានឈ្មោះថា “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់វ៉ាក់សាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ ខណៈប្រទេសទាំងនេះ កំពុងព្យាយាមធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។

សេចក្ដីសម្រេចបោះទុនវិនិយោគរបស់ក្រុមហ៊ុនRisen Energy ទំនងជាឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ក្រុមអ្នកធ្វើគោលនយោបាយ នៃរដ្ឋាភិបាលក្រុងប៉េកាំង។

ការប្រណាំងប្រជែងផ្នែកវិនិយោគរបស់ចិន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ធំៗ និងជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីវ៉ាឱ្យឈ្នះសហរដ្ឋអាមេរិក ធ្វើយ៉ាងណាដណ្ដើមឥទ្ធិពលឱ្យបានកាន់តែខ្លាំងនៅក្នុងតំបន់។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ព្យាយាមបញ្ចុះបញ្ចូលប្រទេសនានា ដែលអន់ចិត្តចំពោះវត្តមានយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូងផងដែរ។

នៅថ្ងៃទី៧ ខែមិថុនា ប្រទេសចិន បានទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្រុងឆុងឈីង (Chongqing) ទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលប្រមាណ១៦ខែមកនេះផងដែរ។

នៅពេលនោះ លោក វ៉ាង អ៊ី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រាប់លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ទទួលបន្ទុកសម្របសម្រួលកិច្ចការនាវាចរណ៍ និងការវិនិយោគថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ដល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ដល់រដ្ឋាភិបាលក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូនេស៊ី។

ប្រទេសចិន ក៏បានយល់ព្រមជាមួយប្រទេសកម្ពុជា ផងដែរកាលពីថ្ងៃទី២២ ខែមិថុនាថា នឹងពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្ដាញផ្លូវឆ្លងកាត់ ដោ​យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា។ នៅប្រទេសឡាវ ការស្ថាបនាផ្លូវហាយវ៉េមួយខ្សែដែលមានចិន ជួយគាំទ្រនៅពីក្រោយ កំពុងតែដំណើរការ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ឱ្យដឹងថា រដ្ឋាភិបាលឡាវកាលពីថ្ងៃទី៧ មិថុនា បានអនុម័តការស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូ​ម៉ែត្រក្នុងតម្លៃ៥,១ពាន់លានដុល្លារ។

ប្រទេសវៀតណាម ដែលមហាយក្សចិន មានជម្លោះដែនដីជាមួយនៅសមុទ្រចិនខាងត្បូង ក៏ជាគោលដៅមួយស្ថិតក្នុងផែនការវិនិយោគ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានឱ្យដឹងថា ប្រទេសចិនបានវិនិយោ​គ នៅក្នុងគម្រោងចំនួន៦១ក្នុងប្រទេសវៀតណាម គិតចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២១ នេះក្នុងទំហំទឹកប្រាក់សរុបប្រមាណ១ពាន់លានដុល្លារ។

រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញារារាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រឹងប្រែងទាក់ទាញបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ឱ្យឈរនៅខាងខ្លួន។ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ឬ G7 បានព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល កាលពីពាក់កណ្ដាលខែមិថុនាថា នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ដោយយកម៉ូឌែលតាម “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។

កិច្ចប្រជុំកំពូលចិន ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានធ្វើឡើងមិនយូរប៉ុន្មានក្រោយពីនោះ។

រាល់ពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមខិតចូលកាន់តែជិតបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់វិធានការទប់ទល់ទៅវិញភ្លាមៗ។

ដូចនេះការវិនិយោគធំៗរបស់មហាយក្សចិន នៅក្នុងតំបន់កំពុងឆ្លុះបញ្ចាំងថា ប្រ​ទេសនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសក្នុងតំបន់ ដើម្បីឱ្យប្រទេសទាំងនោះទទួលយកវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here