ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបង្ហើបឲ្យដឹងថា មានការអនុគ្រោះ លើកទឹកចិត្ត និងបើកចំហច្រើនសំរាប់អហនកវិនិយោគជាតិ និងអន្តរជាតិ។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាច្រកម្ពុជា ក្នុងនោះចំពោះចំណុចពិសេសនៃច្បាប់នេះ ជាបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនជាច្រើនដូចជា ការលើកទឹកចិត្តមូលដ្ឋាន ត្រូវបានបែងចែកបន្ថែមជា២ជម្រើសផ្សេងគ្នា រួមមាន ការផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង រួមទាំងការលើកទឹកចិត្តផ្សេងទៀត។
-->
រីឯជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិ កាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាន់កងរហូតដល់២០០ភាគរយ លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត។
ច្បាប់វិនិយោគថ្មីនេះ នឹងផ្តល់លោកទឹកចិត្តដល់វិនិយោគិនបន្ថែមដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់ បរិក្ខារសំណង់ និងសម្ភារបរិក្ខារផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។
លើសពីនេះ សេចក្តីព្រាងច្បាប់បានផ្តល់នូវ ការកាត់កងចំណាយក្នុងអត្រា១៥០% ទៅលើចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្តុះបណ្តាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន ការផ្តល់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន ដើម្បីជំរុញការស្រាវជ្រាវ និងការបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក៏ដូចជាការបង្កើននូវសុខុមាលភាពរស់នៅ និងជីវភាពរបស់កម្មករ និយោជិត។
ជាងនេះទៅទៀត ច្បាប់នេះបានផ្តល់ការលើកទឹកចិត្តពិសេស, ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងទទួលបានការលើកទឹកចិត្តពិសេស ដោយនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនេះ ជាការតាក់តែងនូវច្បាប់ថ្មី មិនមែនជាការធ្វើវិសោធនកម្មពីច្បាប់ចាស់ ដែលកម្ពុជាមានស្រាប់នោះឡើយ។ លោកបន្តថា ច្បាប់ថ្មីនេះនឹងមានភាពអំណោយផលជាច្រើនសម្រាប់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងគោលនយោបាយបើកចំហជាច្រើនទៀត សម្រាប់វិនិយោគិន៕