ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិនចំនួន៥លានដូស នឹងមកដល់កម្ពុជានៅក្នុងខែកក្កដានេះ ខណៈថ្ងៃនេះ វ៉ាក់សាំង១លានដូសទៀតបានមកដល់កម្ពុជា។
បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី១ ខែកក្កដា បានឱ្យដឹងថា ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន៤លានដូស ក្នុងនោះ១លានដូស ជាស៊ីណូហ្វាម ហើយ៣លានដូសជាស៊ីណូវ៉ាក់។
-->

ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះគឺជាចំនួនវ៉ាក់សាំងគម្រប់២០លានដូស ដែលបានកំណត់ក្នុងផែនការ របស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។
វ៉ាក់សាំង ឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
គិតត្រឹមថ្ងៃទី៤ ខែកក្កដា កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។
លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករដ្ឋាភិបាលចិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយលើកម្មវិធីចាក់វ៉ាក់សាំង។

សម្តេចតេជោបានលើកឡើងថា “បើគ្មានការជួយគាំទ្ររបស់ចិនទេនោះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនបាន២០ម៉ឺននាក់នោះឡើយ”។
កាលពីថ្ងៃទី១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកចិត្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ៕