រដ្ឋាភិបាលដាក់ចេញនីតិវិធីនិងគោលការណ៍ណែនាំដើម្បីគ្រប់គ្រងគម្រោងស្ថានីយប្រេងឥន្ធនៈ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងបរិស្ថានបានដាក់ចេញប្រកាសស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំ សម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ នេះបើយោងតាមប្រកាស ដែលចុះហត្ថលេខាដោយលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្មីៗនេះ។

ប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពន្លឿននីតិវិធីនៃការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ប្រកាសនេះមានគោលដៅដាក់ឱ្យប្រើប្រាស់នីតិវិធីនៃការរៀបចំ និងការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ព្រមទាំងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

ប្រកាសនេះមានវិសាលភាពអនុវត្តលើនីតិវិធី និងគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ អនុលោមតាមប្រកាសលេខ០២១ ប្រក ប.ស្ថ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំសង្កាត់ពាក់ព័ន្ធ។ នៅក្នុងករណីចាំបាច់ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here