រដ្ឋាភិបាលជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបឱ្យបញ្ចប់តាមការគ្រោងទុក

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបធ្វើយ៉ាងណាធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ និងអាចបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។

លោកសួង ហេងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលមិ្សលមិញ ដឹកនាំកិច្ចប្រជុំចរចាថ្លៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះកិច្ចសន្យានៃការសាងសង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីចរចាថ្លៃ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះកិច្ចសន្យានៃការសាងសង់ ក៏ដូចជាដើម្បីពិភាក្សាអំពីការងារបច្ចេកទេសនៃការសាងសង់ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង ចំណាយថវិកាសន្សំរបស់ជាតិបានចំគោលដៅ និងអាចបញ្ចប់គម្រោងសាងសង់តាមផែនការដែលបានគ្រោងទុក។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយកាត់បន្ថយការចំណាយថវិកាសន្សំរបស់ជាតិឱ្យអស់តិចតាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវរក្សាបាននូវគុណភាពផ្លូវរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងបានស្នើឱ្យជួយពន្លឿនការរៀបចំកិច្ចសន្យាការងារសាងសង់ ដើម្បីអាចបើកផ្ដល់ថវិកាជូនដល់អង្គភាពសាងសង់ទាំងអស់តាមពេលកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here