ដោយៈ ប៊ី
ភ្នំពេញៈ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគថ្មី លើវិស័យឧស្សាហកម្មធុនធំមានចំនួន៧៩ក្រុមហ៊ុន ដែលគិតជាទំហំទឹកប្រាក់មានជាង១៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកហេង សុខគង់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២១ នេះថា នៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ១៩នេះ ស្ថានភាពនៃការវិនិយោគលើផ្នែកឧស្សាហកម្ម បានថមថយខ្លះៗ ជាក់ស្តែងគិតត្រឹមចុងខែមិថុនា ដើមឆ្នាំ២០២១នេះ កម្ពុជាមានរោងចក្រធុនធំបានបិទទ្វារ មានចំនួនប្រមាណ១៣៥ក្រុមហ៊ុន ចំពោះកត្តាសំខាន់ ដែលបណ្តាលឲ្យមានការបិទទ្វារនេះ មកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩។
លោកបានថ្លែងបន្តថា ទោះបីនៅក្នុងស្ថានភាពនេះ មានការបិទរោងចក្រច្រើន តែនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ ចំពោះការចុះបញ្ជីនៅក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺក្រសួងទទួលបានការចុះបញ្ជីលើរោងចក្រឧស្សាហកម្មធុនធំមានចំនួន៧៩ក្រុមហ៊ុន គិតជាទំហំទឹកប្រាក់មានចំនួនប្រមាណជាង១៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០។
លោកបានថ្លែងទៀត វិស័យនេះគឺមានកំណើនកើនឡើង ក្នុងនោះការវិនិយោគបានផ្តោតសំខាន់ទៅលើរោងចក្រកែច្នៃម្ហូបអាហារ និងរោងចក្រផលិតសម្ភារៈផ្នែកវិជ្ជសាស្រ្តជាដើមរួមមាន៖ រោងចក្រផលិតម៉ាស់, អាលកុល, ខោអាវពេទ្យ និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀតងងដែរ។
ទាក់ទងនឹងវិស័យSME លោកហេង សុខគង់ បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះដែរ សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីនៅក្រសួង គឺឈរនៅទ្រឹងមិនមានការប្រែប្រួលអ្វីខ្លាំងនោះឡើយ ព្រោះអ្នកវិនិយោគលើវិស័យទាំងនេះ អាចនឹងរង់ចាំឱកាសវិនិយោគបន្ត តែទោះបីយ៉ាងណា ក្រសួងក៏កំពុងសិក្សា ពិនិត្យមើលអំពីលទ្ធភាពនៃការវិនិយោគ នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ នេះ ។
លោកឧកញ៉ាតែ តាំងប៉សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលជម្រុញការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាថ្នាលតែមួយ សហគ្រាសធុនតូច និងមធ្យម នៅក្រោមការគ្រប់គ្រងរបស់សាម៉ីក្រសួង គឺមានម្ចាស់សហគ្រាសមួយចំនួន បានទៅចុះបញ្ជីនៅតាមប្រព័ន្ធបច្ចេកវិទ្យានោះ តែទោះយ៉ាងណាចំនួននៃការចុះបញ្ជីនេះ នឹងអាចថមថយ បើធៀបទៅឆ្នាំ២០២០។
លោកឧកញ៉ាបានឱ្យដឹងទៀតថា សម្រាប់បញ្ហានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកំពុងជជែកពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តលើផ្នែកពន្ធដាមួយចំនួន ចំពោះសហគ្រាមីក្រូ តូច និងមធ្យម ដើម្បីធ្វើយ៉ាងណាជម្រុញខ្សែសង្វាក់ផលិតរបស់ពួកគេ ឲ្យបានដំណើរបានដោយរលូន។
ក្នុងរយៈពេល៦ ខែឆ្នាំ២០២១ នេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន ៦៩ គម្រោង មានទឹកប្រាក់វិនិយោគសរុបចំនួនជិត ២,៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងលេចធ្លោជាងគេ គឺគម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទុនវិនិយោគប្រមាណជាង ១,២ ពាន់លានដុល្លារអាមេរិក និងគម្រោងវិនិយោគផលិតក្រដាសមានទុនវិនិយោគ ៥០៤ លានដុល្លារអាមេរិកផងដែរ ។ ចំណែកផ្នែកកម្មន្តសាល ដែលបានស្នើរសុំចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល គឺមានចំនួនជាង ៨%, ដោយមានទុនវិនិយោគជិត ១៤% បើធៀបទៅនឹងការវិនិយោគទៅលើវិស័យផ្សេងៗ៕