រាជធានីភ្នំពេញប្រកាសបិទបញ្ចប់យុទ្ឋនាការចាក់វាំក់សាំងបង្ការជំងឺកូវីដ១៩

0

ដោយៈ គង់ លាងហួរ

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានប្រកាសបិទបញ្ចប់យុទ្ឋនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ ដោយពលរដ្ឋក្នុងទីក្រុងនេះជាង២,១លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចហើយ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញមានមានប្រសាសន៍បានបញ្ជាក់ថា រាជធានីភ្នំពេញ បានបិទបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយជោគជ័យ ហើយមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិតដោយសារចាក់វ៉ាក់សាំងកូវីដ១៩នោះឡើយ។

លោកបានបន្ថែមទៀតថា “ក្នុងអំឡុងពេលយុទ្ធនាការ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកមកចាក់វ៉ាក់សាំង នៅតាមកន្លែងដែលអាជ្ញាធរបានកំណត់”។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកទល់ថ្ងៃទី៧ ខែកក្កដាម្សិលមិញនេះ អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង នៅក្នុងរាជធានីភ្នំពេញ សរុបចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះមានប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំងទេ ដោយ​សា​របញ្ហាសុខភាពផ្ទាល់ខ្លួន មានន័យថាអ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ចូលរួមចាក់វ៉ាក់សាំង មិនដូចមនុស្សអគិតមួយចំនួនដែលមានបំណងចង់រារាំង ដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ។ បើគិតជាភាគរយ នៃចំនួនប្រជាជនសរុប នៅក្នុងរាជធានីភ្នំពេញ១២០.៦៥ភាគរយ ដែលនេះបញ្ជាក់ថា មានប្រជាពលរដ្ឋ មកធ្វើដំណើរមកពីខេត្តផ្សេង មកចាក់វ៉ាក់សាំងនៅភ្នំពេញ។

លោកស្រី ឱ វណ្ណឌីន និងលោកឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរិះរក និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យកម្ពុជា អាចទទួលបានវ៉ាក់សាំង ព្រមទាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារជំងឺកូវីដ១៩។

បន្ថែមពីនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការងារចាក់វ៉ាក់សាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here