សម្តេចតេជោៈសន្តិភាព និងស្ថេរភាពជាកត្តាអាទិភាពនាំវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព និងស្ថរិភាព គឺជាកត្តាអាទិភាពមួយនាំឱ្យបរទេស មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បើទោះពិភពលោកកំពុងប្រឈមបញ្ហានយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយចុះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំដែលពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តី ពីការពីការវិនិយោគនោះ ស    ម្តេចតេជោបានគូសរំលេចថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាព ដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ នេះបើតាម លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកចែកចាយលើបណ្តាញសង្គម។

លោកផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថែមទៀតថា “អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ ពាណិ​ជ្ជ​កម្មយ៉ាងណាក៏ដោយ

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង។

គម្រោងវិនិយោគនេះ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ មានការថយចុះប្រមាណ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ គឺមានការកើនឡើងប្រមាណ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗ មួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។

ចិន ជាប្រទេសបានវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោ​គជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការ នៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើងក្នុងគោលបំណងបង្កើត នូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេស ចំពោះវិស័យនិងសកម្មភាពវិនិយោគ ជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុ​លោ​មតាមច្បាប់អន្តរជាតិ នូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រ​ទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕ ប្រភពFreshnews៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here