ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងផ្សារលក់រាយ (ផ្សារទំនើប)ចំនួន២បានបញ្ចប់ នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២១ ដោយបន្ថែមទំហំផ្គត់ផ្គង់ប្រមាណ១០,០០០ម៉ែត្រការ៉េចូលទៅទីផ្សារ ខណៈការផ្គត់ផ្គង់ទីផ្សារលក់រាយសរុបមានទំហំ៣៨៥.៤០២ម៉ែត្រការ៉េ ដែលមានការចូលរួមពី៣១គម្រោង។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ផ្សាយរបស់ក្រុមហ៊ុន CBRE Cambodia។
ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២១ វិស័យនេះរំពឹងថានឹងមានគម្រោងផ្សារទំនើបចំនួន៧ បញ្ចប់ការសាងសង់ និងដាក់ដំណើរការនៅក្នុងទីផ្សារ ដែលមានទំហំសរុប៦៤,១០២ម៉ែត្រការ៉េ សម្រាប់ការផ្គត់ផ្គង់ ពោលគឺមានការចុះជាងការព្យាករណ៍មុន ដោយសារតែការរំខានដល់ចង្វាក់ផ្គត់ផ្គង់សំណង់ និងអត្រាជួលធ្លាក់ចុះ ជាងការព្យាករណ៍។
-->

គម្រោងផ្សារទំនើបចំនួន៧ ដែលគ្រោងបញ្ចប់នាពេលខាងមុខនេះ មានគម្រោងផ្សារទំនើបសហគមន៍ចំនួន៥គម្រោង និងផ្សារទំនើបចំនួន២។ គម្រោងទាំងនេះមានចំនួនដូចជា ផ្សារទំនើប SCG Design Village ផ្សារទំនើប Chip Mong Sen Sok ផ្សារទំនើប Big Tree Community Mall ផ្សារទំនើប The Commune ផ្សារទំនើប The Lane by One Park និង K Mall ជាដើម។
ការកើនឡើងនៃការផ្គត់ផ្គង់ និងការកាត់បន្ថយការដើរផ្សារ បានធ្វើឱ្យអត្រាទំនេរច្រើននៃទីតាំងលក់រាយនៅ ក្នុងវិស័យនេះ ដែលអត្រាទំនេរនេះបានកើនឡើងជាមធ្យម២៨.៥ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១។ អំឡុងពេលនេះដែរ អតិថិជនបានចាប់ផ្តល់ប្រើប្រាស់វេទិការបច្ចេកវិទ្យា ដើម្បីទិញទំនិញ ជាជាងការដើរផ្សារ។

ការតាមដានពី Google បានបង្ហាញថា សកម្មភាពលក់រាយ និងការកម្សាន្ដមានកម្រិតទាបជាមធ្យម៤៦,៩% មុនខែកុម្ភៈ ឆ្នាំ២០២០។
ក្រៅពីផ្លូវសំខាន់ៗ គ្រប់ផ្នែកលក់រាយមានការធ្លាក់ចុះនូវអត្រាជួលមធ្យម ក្នុងអំឡុងត្រីមាសទី២ ខណៈទីផ្សារបន្តប្រឈមនឹងការកើនឡើងអត្រាទំនេរ។

ចំនួនប្រ៊ែន ដែលមានគម្រោងចូលមកកម្ពុជា បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ក្រុមហ៊ុន CBRE បានសង្កេតឃើញថា ប៊្រែនចំនួន៤ប៉ុណ្ណោះ បានចូលមកទីផ្សារកម្ពុជានៅក្នុងត្រីមាសទី២ ធ្លាក់ចំនួន៥ប៊ែន បើធៀបនឹងត្រីមាសទី១។ ការធ្លាក់ចុះនេះ គឺដោយសារតែវិបត្តិកូវីដ១៩៕