ដោយៈ ម៉ាណេត
ភ្នំពេញៈ របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុង “សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ត្រូវបានបែងចែកជា៣ប្រភេទ ដែលរួមមាន ការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។ នេះបើយោងតាមការលើកឡើងរបស់លោកផៃ ស៊ីផានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា ចំពោះការលើកទឹកចិត្តមូលដ្ឋាន របបលើកទី កចិត្តនេះ ត្រូវបានបែងចែកបន្ថែមជា២ជម្រើស ផ្សេងគ្នា អាស្រ័យការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ ដោយជម្រើសទី១ គឺ ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត។
លោកបានបន្តថា ជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។
បន្ថែមលើនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ល. គ) ក៏នៅទទួលបាននូវការលើកទឹកចិត្តបន្ថែមដទៃទៀតដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទតម្រោងវិនិយោគនីមួយៗ។
សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។
ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។
នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕