ដោយៈ សុខុម
ហូជីមិញ: ខណៈពេលទីផ្សារអចលនទ្រព្យមិនទាន់ងើបផុតពីវិបត្តិកូវីដ-១៩ អ្នកជំនាញជាច្រើនជឿថា បណ្ដាវិនិយោគិនហាក់មានទំនោរជ្រើសយកការវិនិយោគរយៈពេលវែង ដើម្បីទទួលបានផលចំណេញរយៈពេលវែង ជាពិសេសគម្រោងអចលនទ្រព្យក្នុងទីក្រុងរណបឆ្លាតវៃ (Smart Eco-Satellite City) ដែលនៅជុំវិញទីក្រុងធំៗដូចជាក្រុងហូជីមិញ ជាដើម។ នេះបើយោងតាមសារព័ត៌មាន vnexpress ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។
ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ទៅជាង១៣លាននាក់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសផ្នែកនគរូបនីយកម្ម។ តម្រូវការលំនៅដ្ឋានកំពុងកើនឡើងឥតឈប់ឈរ ខណៈមូលនិធិដីធ្លីមានកម្រិតបានជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក ធ្វើឱ្យពលរដ្ឋជាច្រើនដែលមានតម្រូវការលំនៅដ្ឋានពិតប្រាកដគ្មានលទ្ធភាពទិញ។
ទីផ្សារអចលនទ្រព្យនៅក្រុងហូជីមិញ កំពុងតែបង្វែរទុនវិនិយោគជាបណ្ដើរៗទៅកាន់តំបន់ក្រុងរណបនានា ព្រោះនៅទីនោះមានមូលនិធិដីធ្លី ហើយអចលនព្យមានតម្លៃធូរថ្លៃជាង និងអំណោយផលជាង។
បណ្តាខេត្តនៅភាគខាងកើតនៃក្រុងហូជីមិញ ដូចជាខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងខេត្ត Binh Thuan កាលពីពេលថ្មីៗនេះបានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យ។
ចាប់តាំងពីទីផ្លូវហាយវ៉េល្បឿនលឿន Ho Chi Minh City – Long Thanh – Dau Giay Expressway ត្រូវបានដាក់ឱ្យដំណើរការមក គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh International Airport ក៏បានចាប់ផ្ដើម ហើយផ្លូវតភ្ជាប់ជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង ដោយការតភ្ជាប់រវាងក្រុងហូជីមិញ និងបណ្ដាទីក្រុងផ្សេងទៀតមានភាពប្រសើរឡើងច្រើន។ ដូចនេះពេលវេលាធ្វើដំណើរឆ្លងកាត់រវាងខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងក្រុងហូជិមិញ ត្រូវបានកាត់បន្ថយបានច្រើន និងសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋ។
ដោយទាញយកផលចំណេញពីការអភិវឌ្ឍទាំងនេះ ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងធំៗជាបន្តបន្ទាប់។
តួយ៉ាង គម្រោងកាស៊ីណូដ៏ធំ NovaWorld Phan Thiet Project របស់ក្រុមហ៊ុន Novaland Group នៅលើផ្ទៃដី១.០០០ហិកតា និងទំហំវិនិយោគសរុប៥ពាន់លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌលនៃការវិនិយោគនៅក្នុងខេត្ត Binh Thuan។
ទន្ទឹមនឹងនេះដែរ នៅភាគខាងកើតនៃក្រុងហូជីមិញ គម្រោងទីក្រុងរណបឆ្លាតវៃ Aqua City ដែលគ្របដណ្ដប់លើផ្ទៃដីជាង១.០០០ហិកតា ក៏កំពុងតែលេចចេញជារូបរាងបណ្ដើរៗហើយដែរ។
ទីក្រុងធំៗផ្សេងៗទៀតក៏បានព្យាយាមពង្រីកខ្លួនចូលទៅក្រុងទីក្រុងរណបនានានៅក្នុងតំបន់ជុំវិញខ្លួនផងដែរដោយសារចំនួនប្រជាជនកាន់តែច្រើនកកកុញ និងការរឹតបន្តឹងនៅក្នុងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងដែលមានស្រាប់៕