ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា-និងក្រុមហ៊ុនជប៉ុន បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” ។
ការចុះហត្ថលេខានេះ ធ្វើឡើងរវាងថ្នាក់ដឹកនាំក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន។
-->
លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន បានថ្លែងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដែលមាន លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។
កត្តាទាំងអស់នេះ ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកប ដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូ លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ នៅកម្ពុជាឱ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។

កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុនជប៉ុន Yamato Green បានលើកឡើងពីការអភិវឌ្ឍបង្កើនផលិតភាពផលិតកម្ម និងការនាំចេញតាសក់ផ្អែមនិងផ្លែប៊ឺ ដែលសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ឌអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។
រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។
ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅថ្ងៃអនាគត។
លោករដ្ឋមន្ត្រីវេង សាខុនបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែកអនុវត្តន៍ ផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOU នេះពិតជាចូលរួមលើកកម្ពស់ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។
ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាមរយៈការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន។
ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព៕