ដោយៈ ប៊ី
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាអះអាងថា សេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលទើបត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីម្សិលមិញ នឹងក្លាយជាដែកឆក់ស្រូបទាញវិនិយោគបន្ថែមមកកម្ពុជា ស្របពេលកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយនឹងបណ្តាប្រទេសធំៗ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានបង្ហាញពីការគាំទ្រ ចំពោះច្បាប់វិនិយោគថ្មី បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
លោកឧកញ៉ាបានថ្លែងថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា សូមអបអរសារទរចំពោះច្បាប់វិនិយោគថ្មី ដែលបានដាក់ចេញ ព្រោះសភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធបានចូលរួមប្រជុំពីរលើក ហើយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ធាតុចូលជាច្រើនដល់ច្បាប់ថ្មីនេះ។
លោកឧកញ៉ាបានថ្លែងដូច្នេះថា “ពេលច្បាប់ថ្មីនេះដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ វាជាឱកាសល្អ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាមួយអាមេរិក និងអង់គ្លេស ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមអឺរ៉ុប ដែលទាំងអស់នេះ ខ្ញុំជឿជាក់ថាច្បាប់ថ្មីនេះ ជាដែកឆក់សម្រាប់ទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា”។
លោកឧកញ៉ាបន្ថែមថា នេះក៏ទន្ទឹមពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ចនេះ ដើម្បីដើរឲ្យទាន់សភាពការណ៍ នៃការដាក់ឧស្សាហកម្មឌីជីថល នេះជាយុទ្ធសាស្ដ្រដ៏ល្អ ហើយជាការលើកទឹកចិត្តបន្ថែម សម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាបរទេស ដែលអាចទទួលបានផលប្រយោជន៍ពីពីច្បាប់វិនិយោគថ្មីនេះផងដែរ។
លោកឧកញ៉ាបានបន្តថា ច្បាប់ថ្មីនេះក៏មានតំណភ្ជាប់ពីសហគ្រាសធុនតូច និងមធ្យម អ្នកផលិតផលក្នុងស្រុក ដែលផលិតផ្គត់ផ្គង់ឲ្យរោងចក្រសហគ្រាស ដែលមកវិនិយោគ ដើម្បីជាវត្ថុធាតុដើមក្នុងការនាំចេញ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម។ លោកបញ្ជាក់ថា «កន្លងមកយើងមានបញ្ហាប្រឈមរឿងការផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកែច្នៃមានជាប់ VAT ប៉ុន្ដែនៅពេលដែលមានច្បាស់ថ្មីនេះ ខ្ញុំគិតថាអាចនឹងរួច VAT ហើយក៏ជាការលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្គត់ផ្គង់ ដល់រោងចក្រសហគ្រាស ដែលវិនិយោគនាំចេញ»។
អ្វីដែលពិសេសជាងនេះទៀតនោះ ច្បាប់ថ្មីអនុញ្ញាតឲ្យអនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងមានទឹកប្រាក់ធំជាងមុន ដែលច្បាប់ចាស់មានត្រឹម២លានដុល្លារប៉ុណ្ណោះ។
លោកឧកញ៉ាអះអាងថា ក្នុងពេលចូលរួមកិច្ចប្រជុំ សម្រាប់ជាធាតុចូលក្នុងសេចក្តីព្រាងច្បាប់វិនិយោគថ្មី វិស័យឯកជនបានស្នើសុំឲ្យ អនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងវិនិយោគក្នុងតម្លៃក្រោម ១០លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយបង្ខិតរោងចក្រសហគ្រាស ទៅកាន់បណ្ដាខេត្តផ្សេងៗ ងាយស្រួលឲ្យប្រជាពលរដ្ឋ និងកម្មករមានការងារធ្វើនៅនឹងកន្លែង នេះជាការជួយកាត់បន្ថយភាពក្រីក្រ ដោយមិនចំបាច់ចំណាកស្រុក មកកាន់រាជធានីភ្នំពេញ ឬទៅស្រុកក្រៅ ដើម្បីរកការងារធ្វើជាដើម៕