អារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងត្រីភាគីដើម្បីផ្តល់ផ្ទះចំនួន១០,០០០យូនីតដល់គ្រួសារពលរដ្ឋក្រីក្រ

0

សុខុម

ក្រុងរីយ៉ាដ: កម្មវិធីលំនៅដ្ឋានអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងត្រីភាគីមួយដើម្បីផ្ដល់លំនៅដ្ឋានចំនួន១០,០០០យូនីតដែលមានតម្លៃសរុប៥៣៣លានដុល្លារ សម្រាប់គ្រួសារដែលមានតម្រូវការចាំបាច់បំផុតដើម្បីឱ្យពួកគេមានផ្ទះផ្ទាល់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃទី១០ កក្កដា នេះ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត Saudi Press Agency ចុះផ្សាយថា កិច្ចព្រមព្រៀងត្រីភាគីនេះធ្វើឡើងជាមួយអង្គការសប្បុរសធម៌ Alwaleed Philanthropies និងក្រុមហ៊ុនអភិវឌ្ឍន៍កំនៅដ្ឋាន National Developmental Housing Corporation (Sakan) ដែលគ្រប់គ្រងដោយរដ្ឋ។

កិច្ចព្រមព្រៀងធំបំផុតនៅក្នុងវិស័យលំនៅដ្ឋានអភិវឌ្ឍន៍នេះ គឺជាការបន្តកិច្ចព្រមព្រៀងមួយចំនួនដែលបានបញ្ចប់ជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នម្ចាស់ជំនួយនានា។

លោក Majid bin Abdullah Al-Hogail រដ្ឋមន្ត្រីលំនៅដ្ឋានអារ៉ាប៊ីសាអូឌីត បានលើកឡើងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងក្នុងក្របខណ្ឌ ដើម្បីធ្វើឱ្យការចូលរួមរបស់វិស័យលំនៅដ្ឋានក្នុងកម្មវិធីអភិវឌ្ឍន៍ថ្នាក់ជាតិមានភាពសកម្មផុសសុល និងដើម្បីបង្កើនការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រមួយនេះ។

ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត បានកើនឡើងខ្លាំងក្នុងត្រីមាសទី១ នៅពេលដែលកម្មវិធីលំនៅដ្ឋាន Sakani និង Wafi របស់រដ្ឋាភិបាលបានជំរុញការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ពលរដ្ឋក្នុងស្រុកដែលមិនសូវធូរធារខ្លាំង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លំនៅដ្ឋានចំនួន៣៤៤,០០០យូនីតត្រូវបានសាងសង់សម្រាប់ទីផ្សារនៅក្នុងព្រះរាជាណាចក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here