ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម នយោបាយអប់រំ វប្បធម៌ ។ រាជធានីភ្នំពេញក៏ជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្ដានុពលផងដែរ ដូច្នេះហើយទើបរដ្ឋាភិបាលកំណត់ថា រាជធានីភ្នំពេញគឺជាចលករសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
យោងតាមទៅតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា រាជធានីភ្នំពេញមានមុខងារជារាជធានីភ្នំពេញប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ចដែលអាចមានផលិតផលក្នុងស្រុកសរុបរហូតដល់ប្រហែល១,៣ពាន់លានដុល្លារអាមេរិក គឺស្មើនឹង៣១ភាគរយនៃផលិតផល្នុងស្រុកសរុបរបស់ជាតិ ហើយដែលបច្ចុប្បន្នផលទុនសរុបប្រចាំឆ្នាំបានកើនលើសពី១០០០ដុល្លារអាមេរិកទៅហើយសម្រាប់មនុស្សម្នាក់ គឺស្មើនឹងជិត៤ដងច្រើនជាងផលិតផលក្នុងស្រុកមធ្យមនៃប្រជាជនម្នាក់ដែលរស់នៅតាមខេត្តនានា។
ដូច្នេះរាជធានីភ្នំពេញ មានភាពធូរធាជាងតំបន់ដទៃទៀតនៃប្រទេសកម្ពុជា ។ប៉ុន្តែរាជធានីភ្នំពេញ ក៏នៅតែមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់នៅក្នុងទីក្រុងបាងកកដែលមានចំនួនច្រើនជាងនេះ១០ដង។
នៅក្នុងអនុក្រឹត្យដដែលនេះថា ភ្នំពេញគឺជាប៉ូសេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំនូវប្រជាជនជាង៦លាននាក់នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ីអាគ្នេយ៍ ។
អ្នកវិនិយោគបរទេសដែលចូលមកកម្ពុជា តំបន់មុនគេដែលសម្លឹងមើលសម្រាប់ការវិនិយោគរបស់គេគឺរាជធានីភ្នំពេញ បន្ទាប់មកគឺខេត្តសក្ដានុលបន្តបន្ទាប់ ក្នុងនោះខេត្តព្រះសីហនុនិងខេត្តសៀមរាបគឺជាខេត្តបន្តបន្ទាប់ពីរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញផងដែរថា គម្រោងវិនិយោគជាច្រើនដែលទទួលបានសិទ្ធិសាងសង់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ទាំងសំណង់និងគម្រោងវិននិយោគនានាទៀត ដូច្នេះហើយទើបរាជធានីភ្នំពេញត្រូវការពង្រីកផ្ទៃដីបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការកំណើនប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយនេះជារៀងរាល់ឆ្នាំ៕