ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥កំពុងសាងសង់ ដើម្បីឆ្លើយតបនឹងគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីសម្រួលការដឹកជញ្ជូន និងឆ្លើយតបនឹងគោលដៅប្រែក្លាយប្រទេសពីប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ផែនការប្រកបដោយមហិច្ឆតា និងពង្រីកមូលដ្ឋានប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់នេះ ជាការវិនិយោគដ៏ធំសម្បើម ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាឈានទៅមុខមួយកម្រិតទៀត។

ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ កំពុងសាងសង់ពង្រីកយ៉ាងសកម្ម ជាមួយនឹងជំនួយហិរញ្ញប្បទាន ពីរដ្ឋាភិបាលជប៉ុនជាង៥០០លានដុល្លារអាមេរិក។ គិតរហូតមកទល់ពេលនេះ ផ្លូវជាតិមួយខ្សែ ដែលត្រូវបានចាត់ទុកជាហាយវេអាស៊ាននេះ បាននិងំពុងសម្រេចបានប្រមាណ៥០ភាគរយហើយ។
ផ្លូវជាតិលេខ៥ ជាផ្លូវស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ត្បូង ត្បូងនៃច្រករបៀងអាស៊ាន ដែលតភ្ជាប់ពីប្រទេសថៃ មកកាន់រាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសវៀតណាម។

ផ្លូវជាតិលេខ១០
ផ្លូវជាតិលេខ១០បាននិងកំពុងសាងសង់យ៉ាងសកម្មផងដែរ ដែលរហូតមកទល់ពេលនេះ ការស្ថាបនាសម្រេចបានលើស៥០ភាគរយហើយ។ វាជាជំនួញហិរញ្ញប្បទានពី
រដ្ឋាភិបាលចិន ដែលជាប្រទេសជាមិត្ត ដែលបានជួយកម្ពុជាយ៉ាងច្រើនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយទៀត។

វាជាផ្លូវប្រវត្តិសាស្រ្ត ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង ដោយផ្លូវនេះចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា ផ្លួវជាតិដ៏សំខាន់នេះ មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែវាជាការជួយកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសជិតខាង តាមរយៈការដឹកទំនិញពីភូមិភាគពាយ័ព្យ ទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ហើយនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសទី៣។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
ស្ថិតក្នុងគម្រោងនៃគំនិតផ្លូចផ្តើមខ្សែក្រវ៉ាត់១ ផ្លូ វ១របស់ប្រទេសចិន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងប្រមាណ១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់អស់ប្រមាណ១៩០០លានដុល្លារអាមេរិក បាននិងកំពុងក្លាយជាគមនាគមន៍ដ៏សំខាន់ ក្នុងការសម្រួលការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ។

បើតាមលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅពេលសាងសង់រួចផ្លូវល្បឿនលឿននេះ នឹងអាចឲ្យរថយន្តបើកបរក្នុងល្បឿនចន្លោះពី១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដដែលធ្វើឲ្យការដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ចំណាយពេលត្រឹម២ម៉ោងទៅ២ម៉ោងកន្លះប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ ការស្ថាបនាផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ សម្រេចបានប្រមាណ៦០ភាគរយហើយ។ ផ្លូវនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ឋខាងមុខនេះ។

ព្រលានសៀមរាបថ្មី
លើសពីការសម្រួលការដឹកជញ្ជូនតាមផ្លូវគោក រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបាន និងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសផងដែរ ដោយបច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កម្រិត4E ដែលអាចឲ្យយន្តហោះខ្នាតធំចុះចតបាន បាននិងកំពុងពន្លឿនការស្ថាបនា ដោយរហូតមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៦០ភាគរយផងដែរ។

ព្រលានយន្តហោះនេះ ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចំណាយថវិកាសាងសង់អស់ប្រមាណ៩០០លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុនយូណានមកពីប្រទេសចិន។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
គំរោងវិនិយោគដ៏ធំនេះ បានធ្វើឲ្យកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយទៀត ដោយអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCICបានអះអាងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលវិនិយោគអស់ទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ លើផ្ទៃដី២៦០០ហិកតា នឹងក្លាយជាព្រលានយន្តហោះធំកម្រិតទី៩នៅលើពិភពលោក។

រហូតមកទល់ពេលនេះ ព្រលានយន្តហោះនេះបាន និងកំពុងសាងសង់ដំណាក់កាលទី១ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់១៥លាននាក់។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខ មុននឹងពង្រីកដំណាក់កាលទី២នៅឆ្នាំ២០៣០ និងដំណាក់កាលទី៣នៅឆ្នាំ២០៥០ខាងមុខ។

ព្រលានយន្តហោះ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បាននិងកំពុងធ្វើឲ្យតម្លៃអចលនទ្រព្យ នៅជុំវិញតំបន់នេះកើនឡើងយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here