ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ តំបន់បឹងតាមោគ នៃភាគខាងផើងរាជធានីភ្នំពេញ គឺជាសេចក្តីប្រាថ្នានៃការរៀបចំនគរូបនីយកម្ម ដែលបឹងនេះបង្ហាញនូវឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់។ នេះបើតាមអនុក្រិតស្តីពីការដាក់ឲ្យប្រើប្រាស់ដីរាជធានីភ្នំពេញ។
យោងតាមអនុក្រិតលេខ១៨១ អនក្របក ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា បឹងនេះបង្ហាញឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់ ដែលរាជធានីត្រូវតែមាន ដើម្បីទទួលនូវស្តង់ដាលំនៅដ្ឋាន និងតំបន់កណ្តាលក្រុងថ្មីៗ។
អនុក្រិតដដែលបានបន្តថា ការថែរក្សាទុកនូវបឹងទាំងនេះ គឺមានសារៈសំខាន់សំរាប់ការបង្ហូរទឹក ពីទីតាំងនគរូបនីយកម្ម ដែលបានគ្រោងទុក នៅខាងជើងបឹងទំនប់កប់ស្រូវ(បឹងតាមោគ) និងបឹងទន្លេសាប។ ការធ្វើឲ្យថមថយនូវសមត្ថភាពជ្រាបទឹក នូវផ្ទៃដី ទាំងឡាយបន្តិចម្តងៗ នឹងនាំមកនូវផលលំបាកកាន់តែខ្លាំង ក្នុងការគ្រប់គ្រងទឹកជំនន់ពេលភ្លៀងធំៗ។
ការការពារនិងលើកដំកើងបឹងនានា ដែលតភ្ជាប់ទៅនឹងប្រឡាយធំនានាក្នុងខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌសែនសុខ នឹងក្លាយជាជន្ទល់ដ៏មានសារៈសំខាន់ សម្រាប់ទាក់ទាញការអភិវឌ្ឍប្រកបដោយគុណភាព ដោយរាប់បញ្ចូលផងដែរនូវគំរោង ដែលអាចមាននៅជុំវិញមាត់បឹង។
អនុក្រិតដដែលបានបន្តថា ការអភិវឌ្ឍទាំងឡាយនេះ តម្រូវឲ្យមានការបង្កើតឡើងនូវអាងទទួលទឹក ដែលប្រើប្រាស់រួចហើយ ដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនេះ ចេញពីតំបន់ជាយក្រុងខាងជើងទៅអាងចម្រោះ ទឹកកខ្វក់បឹងជើងឯក នៃតំបន់ជាយក្រុងភាគខាងត្បូង ដើម្បីជៀសវាងការបំពុលបរិស្ថានទន្លេសាប ដែលជាទីតាំងបរិស្ថាននិងសង្គមកិច្ច ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕