គ្រោងកម្មវិធីពិសេសៗនៃការបើក និងបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ត្រូវបានសម្រេចដោយរដ្ឋមន្រ្តីពីររូប

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងកម្មវិធីពិសេសៗនៃការបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានសម្រេចដោយរដ្ឋមន្រ្តីចំនួនពីររូប ក្នុងកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី១២ កក្កដាកន្លងមកនេះ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញ បានជួបប្រជុំចង្អៀតពិសេសមួយ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេណារីយ៉ូត្រៀមរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំពិសេស រវាងរដ្ឋមន្ដ្រីទាំងពីរខាងលើ បានសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសម្រាប់កម្ពុជាក្នុងក្ដីសុបិន្ដរយៈពេល ៦៤ឆ្នាំមកហើយ។

លោកថោង ខុនបានមានប្រសាសន៍ថា ការរៀបចំស៊ីហ្គេ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ ឲ្យបានខ្លាំងលើកការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា។ ប៉ុន្ដែលោកបានគូសបញ្ជាក់បន្ថែមថា ការបង្ហាញនូវសក្តានុពលជាតិដ៏ធំ គឺលើពិធីបើកនេះហើយ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា បានលើកឡើងពីក្តីបារម្ភមួយចំនួនផងដែរថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ។ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញ តាមសេចក្តីត្រូវការហាត់សម្តែងបាន។

លោកជំទាវបន្តថា “បើទោះបីវប្បធម៌យើងសំបូរបែបមិនចាញ់គេមែន តែយើងត្រូវចេះចម្រាញ់យកខ្លឹមនៃវប្បធម៌យើង បូកជាមួយជំនួយបច្ចេកវិទ្យា ទើបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន”។

លោកថោង ខុន បានបន្ថែមថា ផែនទស្សនិយភាពរបស់យើង គប្បីតម្រង់ឆ្ពោះទៅរកប្រធានបទរបស់យើង គឺ “កីឡារស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ តស៊ូលំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាន នយោបាយ ឈ្នះឈ្នះ ប្រជាជនយើង មិនអាចរស់បានក្នុងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រនៃប្រជាជាតិយើង”។

កិច្ចប្រជុំខាងលើ បានសម្រេចលើគ្រោងឆ្អឹងកម្មវិធីបើក មានដូចជាទស្សនីយភាព “ស្គរជ័យ””អរិយធម៌ខ្មែរ” “កម្មវិធីកីឡា” “ទស្សនីយភាពដំណើរជាតិកម្ពុជា” “របាំ ចម្រៀងប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីសន្តិភាព”។ល។

ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេ គឺ “ដំណើរជាតិកម្ពុជា” ដែលត្រូវបង្ហាញពីការកកើតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ កម្ពុជានឹងបន្ដរៀបចំការប្រកួតដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here