ដោយៈសុខុម
បាងកក: ក្រសួងដឹកជញ្ជូនថៃ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានអនុម័តគម្រោងសាកល្បង ផ្លូវគមនាគមន៍ចំនួន៤រួមមានផ្លូវហាយវ៉េ និងផ្លូវដែកដែលស្នើឡើងដោយនាយកដ្ឋានផ្លូវហាយវ៉េ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី១៤ កក្កដា នេះ។
លោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី១៣ កក្កដាកន្លងមកថា ការអនុម័តនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធ ZOOM កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
-->

លោកថ្លែងថា “កិច្ចប្រជុំរបស់ក្រសួងនេះ មានការចូលរួមពីលោក Chayathan Promsorn លេខាអចិន្រ្តៃយ៍ សម្រាប់បណ្ដានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកដឹកជញ្ជូន ដែលមកពីនាយកដ្ឋានផ្សេងៗគ្នា រួមទាំងក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand នាយកដ្ឋានផ្លូវហាយវ៉េ និងនាយកដ្ឋានផ្លូវដែកផងដែរ”។
ស្ថាប័នទាំងនេះ បានផ្តល់ភ្លើងខៀវដល់គម្រោងសាកល្បងទាំងនេះ បន្ទាប់ពីទទួលស្គាល់វឌ្ឍនភាព នៅក្នុងការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងផ្លូវហាយវ៉េ និងគម្រោងផ្លូវដែកឆ្លងខេត្តចំនួន១០ ដែលស្នើឡើងដោយនាយកដ្ឋានផ្លូវហាយវ៉េ។
លោក Saksayam Chidchob បានលើកឡើងថា គម្រោងដែលត្រូវបានជ្រើសរើសទាំង៤នេះ រួមមាន គម្រោងគមនាគមន៍ MR5 Chumphon-Ranong ប្រវែងជាង១០៨គីឡូម៉ែត្រដែលតភ្ជាប់សមុទ្រថៃ Andaman Sea ជាមួយឈូងសមុទ្រថៃ ដែលនឹងរួមបញ្ចូលមជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រមួយផងដែរ គម្រោងគមនាគមន៍ MR8 from Nong Khai to Laem Chabang ប្រវែង២៨៨គីឡូម៉ែត្រ គម្រោងគមនាគមន៍ MR 9 Kanchanaburi-Ubon Ratchathani and Nakhon Ratchasima-Ubon Ratchathani ប្រវែង៤៤០គីឡូម៉ែត្រ និងគម្រោងគមនាគមន៍ MR10 ប្រវែង៣១៩គីឡូម៉ែត្រ។
លោកបានបន្តថា កិច្ចប្រជុំនេះ ក៏បានទទួលស្គាល់វឌ្ឍនភាព នៅក្នុងការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងផ្សេងទៀត រួមមាន គម្រោងគមនាគមន៍ MR1 Tak-Nakhon Phanom គម្រោងគមនាគមន៍ MR2 Kanchanaburi-Ubon Ratchathani គម្រោងគមនាគមន៍ MR3 Kanchanaburi-Sa Kaeo គម្រោងគមនាគមន៍ MR4 Chon Buri-Trat គម្រោងគមនាគមន៍ MR6 Phuket-Surat Thani និងគម្រោងគមនាគមន៍ MR7 Chiang Rai-Songkhla ផងដែរ។
លោកថ្លែងថា “គម្រោងទាំងនេះ នឹងជួយដោះស្រាយបញ្ហាដឹកជញ្ជូន កាត់បន្ថយដំណើរការប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារនានា ដូចជា នាយកដ្ឋានផ្លូវហាយវ៉េ អាជ្ញាធរផ្លូវល្បឿនលឿន និងក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand ជាដើម”។
ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand នឹងជាអ្នកទទួលបន្ទុកផ្នែកសិក្សាសមិទ្ធលទ្ធភាព និងរចនាប្លង់ផ្លូវដែកនៅខេត្តនគររាជសីមា (Nakhon Ratchasima) ដើម្បីតភ្ជាប់បណ្តាញ MR-Map។
លោក Saksayam Chidchob បានគូសបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន ទីភ្នាក់ងារនានាត្រូវសហការគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការនានាក្នុងរយៈពេលសមស្របណាមួយ៕