ដោយៈ ប៊ី
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៣ ៣០០លានដុល្លារអាមេរិក ក្នុងនោះការនាំចូលមានទំហំទឹកប្រាក់ជាង២ ៩០០ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណជាង៤៥៩លានដុល្លារអាមេរិក ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
របាយការណ៍បានឱ្យដឹងថា នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ចំពោះការដោះដូរទំនិញរវាងប្រទេសទាំងពីរ នៅបន្តការផ្លាស់ប្តូរទំនិញជាធម្មតា ទោះបីនៅក្នុងស្ថានភាពមិនទាន់ប្រក្រតីយ៉ាងណាក៏ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង៣ ៣០០លានដុល្លារអាមេរិក បានថមថយជាង ៥ ភាគរយ ខណៈនៅឆ្នាំ ២០២០ ក្នុងរយៈដូចគ្នា មានទំហំទឹកប្រាក់ជាង ៣ ៥០០ លានដុល្លារ ។
ទាក់ទងការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៥ខែ នេះដែរ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ជាង២ ៩០០លានដុល្លារអាមេរិក បានកើនឡើងជិត៣ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ជាង ៤៥៩ លានដុល្លារអាមេរិក ថយចុះជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។
ទោះបីមានការធ្លាក់ចុះក៏ពិតមែន តែផលិតផលនាំចេញមួយចំនួនបានរក្សាស្ថេរភាពល្អរួមមាន៖ បន្លែផ្លែឈើ, លោហៈធាតុ ខ្សែអេឡិចត្រូនិច គ្រឿងបង្គុំអគ្គិសនី សាច់សត្វ គ្រឿងបង្គុំអេឡិចត្រូនិច ស្បែកជើង ឧបករណ៍អគ្គិសនីប្រើក្នុងផ្ទះ រួមជាមួយផលិតផ្សេងៗទៀត។
ជុំវិញការធ្វើពាណិជកម្មអន្តរជាតិ បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញសរុប មានទំហំទឹកប្រាក់ជិត៦ ០០០លានដុល្លារអាមេរិក កើនឡើង១,៦% ខណៈការនាំចូលសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួនជាង៨ ៦០០លានដុល្លារអាមេរិក កើនឡើង១៧% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០៕