វិបត្តិជំងឺកូវីដ១៩
ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គម្រោងសំណង់ដែលមិនទាន់បញ្ចប់ការសាងសង់នៅកម្ពុជា នៅបន្តដំណើរការជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈ និងឯកជននានា ខណៈគម្រោងសំណង់ថ្មីៗបានធ្លាក់ចុះគួតឱ្យកត់សម្គាល់។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ថា គម្រោងសំណង់ ដែលមិនទាន់បញ្ចប់ នៅតែបន្តសាងសង់នៅបន្ត និងមានសកម្មភាពជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈ និងឯកជននានា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់១៦% (-១៨,៦%គ្រាដូចគ្នាឆ្នាំមុន)។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងទៀតថា ក៏ប៉ុន្តែគម្រោងសំណង់ថ្មីៗ បានថយចុះគួតឱ្យកត់សម្គាល់ ដោយចំនួនគម្រោង តម្លៃ និងផ្ទៃក្រឡាសំណង់បានចុះ -១១,៤% -៣៤,៣% និង-២៩,៩%រៀងគ្នា ជាពិសេសលើគម្រោងសំណង់ទេសចរណ៍ និងពាណិជ្ជកម្ម។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងកាលពីសប្តាហ៍មុនថា គម្រោងសាងសង់ធំៗមួយចំនួន នៅតែបន្តអភិវឌ្ឍន៍ធម្មតា ហើយបើទោះបីប្រទេសកម្ពុជា បានជួបប្រទះនឹងជំងឺកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជានឹងអាចនៅតែបន្តភាពរឹងមាំបានដដែល បើសិនណាវិស័យធនាគារនៅតែងអាចបន្តផ្តល់ប្រាក់កម្ចីបាន។
លោកបានថ្លែងថា “ប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ១៩ តែគម្រោងសាងសង់ធំៗ គឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា”។
ជាមួយគ្នានេះដែរ លោកបានបន្តថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន ភាគច្រើន១០ឆ្នាំម្តងនឹងរងនូវផលប៉ះពាល់ម្តង ដូចនេះហើយពេលដែលរងផលប៉ះពាល់នេះហើយ គឺជាឱកាសសម្រាប់អ្នកមានលទ្ធភាពបានដើរទិញទុក ហើយនៅពេលដែលបានធូរស្បើយ ជាឱកាសដែលគេលក់ចេញ ដើម្បីទទួលបានផលចំណេញ ដែលនេះគឺជាឱកាសមួយនៅក្នុងបញ្ហាផងដែរ។
លោកបានថ្លែងថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគិន ក្នុងការដើរទិញអចនទ្រព្យទុក ព្រោះពេលនេះគឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រើសើរវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផងដែរ។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយនៅដើមខែកក្កដាឱ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងសាងសង់សរុប១៨២៣ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ២៧៨ គម្រោង។
ក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន១ ៦០៧គម្រោងស្មើនឹង៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុបធ្លាក់ចុះ១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់ គិតជាប្រាក់មានប្រមាណ២ ៣៤៩លានដុល្លារធ្លាក់៣២,៦ភាគរយ៕