ការនាំចូលសម្ភារនិងបរិក្ខាសំណង់រយៈពេល៦ខែកើនឡើង១៦ភាគរយ ខណៈគម្រោងសាងសង់ថ្មីៗថយចុះ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ថ្វីត្បិតតែគម្រោងសាងសង់សំណង់ថ្មីៗក្ដី ប៉ុន្តែការនាំចូលបរិក្ខានិងសម្ភារៈសំណង់ បែរជាមានកំណើនឡើងរហូតដល់១៦ភាគរយ ខណៈឆ្នាំមុនបានធ្លាក់ចុះរហូតដល់១៨,៦ភាគរយ  ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយសម្រាប់ឆមាសទី១ឆ្នាំ២០២១។

របាយការណ៍ដដែលនោះបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលមិនទាន់បញ្ចប់ការសាងសង់ នៅបន្តមានសកម្មភាពជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈនិងឯកជននានា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃការនាំចូលសម្ភារៈ និងបរិក្ខាសំណង់១៦ភាគរយ ប៉ុន្តែគម្រោងសំណង់ថ្មីបានថយចុះគួរឱ្យកត់សម្គាល់ ដោយចំនួនគម្រោងធ្លាក់ចុះប្រមាណ១១,៤ភាគរយ តម្លៃគម្រោងធ្លាក់ចុះ៣៤,៣ភាគរយ និងផ្ទៃក្រឡាសំណង់បា​ន​ធ្លាក់ចុះ២៩,៩ភាគរយ ជាពិសេសលើគម្រោងសំណង់ទេសចរណ៍ និងពាណិជ្ជកម្ម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានលើកឡើងថា រហូតមកដល់ពេលនេះបើទោះបីជាកម្ពុជា បានជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែមិនទាន់មានគម្រោងសំណង់ធំៗណាមួយត្រូវបានផ្អាក ឬបញ្ឈប់សកម្មភាពនៃការសាងសង់ឡើយ គ្រាន់តែសំណង់ខ្លះដែលខ្វះកម្មករ ឬកម្មករជាប់ពាក់ព័ន្ធនឹងកូវីដ១៩ ទើបធ្វើឱ្យការសាងសង់សំណង់នៅការដ្ឋានខ្លះត្រូវបានបន្ថយសកម្មភាព តែមិនមែនបញ្ឈប់ឬផ្អាកឡើយ ។

លោករិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ DNZ Realty បាននិយាយថា ថ្វីត្បិតតែបញ្ហាប្រឈម ដោយសារកូវីដ១៩មែន ប៉ុន្តែគម្រោងអភិវឌ្ឍន៍ខុនដូនៅតែបន្តអភិវឌ្ឍន៍ ដោយមិនមានការផ្អាកឬបញ្ឈប់សកម្មភាពឡើយ ។

លោកបន្តថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក ការទិញលក់ខុនដូមានការថម​ថយខ្លាំង ពីព្រោះអតិថិជនទិញខុនដូ មិនហ៊ានចេញជួបអ្នកលក់ ហើយការទិញលក់ត្រូវធ្វើឡើងដោយប្រព័ន្ធអនឡាញ ក៏ប៉ុន្តែមិនមែនមានន័យថាស្ងប់ស្ងាត់ទាំងស្រុងនោះទេ ពោលគឺការទិញលក់នៅតែបន្ត គ្រាន់តែមិនច្រើនដូចមុនកូវីដ១៩ប៉ុណ្ណោះ ។

ទោះបីជាមានការប្រឈមនឹងកូវីដ១៩មែន ក្នុងឆ្នាំ២០២១នេះ ក៏អ្នកជំនាញនិងវិនិយោគិនជាច្រើន នៅតែមានសុទិដ្ឋិនិយម ចំពោះវិស័យអចលនទ្រព្យនិងសំណង់ ដោយរំពឹងថានឹងងើបឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ក្រោយពេលស្ថានភាពកូវីដ១៩បានបញ្ចប់ ជាពិសេសវិនិយោគិនចិននឹងចូលមកម្ពុជា ហើយដាក់ទុនវិនិយោគជាបន្តបន្ទាប់ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here