កិច្ចព្រមព្រៀងRCEPនឹងជួយជំរុញការនាំចេញរបស់កម្ពុជាឱ្យមានកំណើនជាង៧ភាគរយ

0

ដោយៈ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់របស់កម្ពុជា អះអាងថា បន្ទាប់ពីកិច្ចព្រមព្រៀងភា(RCEP)ចូលជាធរមាន កម្ពុជារំពឹងថាអាចនឹងមានកំណើនប្រចាំឆ្នាំពីការនាំចេញចំនួន៧,៣ភាគរយ វិនិយោគចំនួន ២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ២ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នៅចំពោះមុខគណៈអចិន្រ្តៃយ៍ព្រឹទ្ធសភា តាមរយៈប្រព័ន្ធវីដេអូ ក្នុងសប្តាហ៍នេះ បានមានប្រសាសន៍ថា សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) កម្ពុជានឹងទទួលបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន៥ រួមមាន៖ ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

លោកបានថ្លែងបន្តថា ក្នុងនោះ នឹងអាចឈានដល់បង្កើតបានទីផ្សារចំនួន២,២ពាន់លាននាក់ ឬ ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក(ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

លោករដ្ឋមន្រ្តីលើកឡើងថា កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។

ទាក់ទិនការលើកឡើងខាងលើនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣ភាគរយ វិនិយោគចំនួន២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ២ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here