រាជរដ្ឋាភិបាលរំពឹងថានឹងអាចប្រមូលចំណូលលើសផែនការក្នុងឆ្នាំនេះ

0

ដោយៈ តារា

ភ្នំពេញៈ រាជរដ្ឋាភិបាលរំពឹងថា ការប្រមូលចំណូលថ្នាក់ជាតិលើចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធអាចនឹងសម្រេចបាន១០១,៥ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ដែលលើសផែនការកំណត់ដោយច្បាប់ប្រមាណ១,៥ ភាគរយ នៅក្នុងស្ថានភាពនៃការប៉ះពាល់ជម្ងឺកូវីដ១៩នេះ។

លទ្ធផលនៃការអនុវត្តន៍ចំណូលរបស់រាជរដ្ឋាភិបាល បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២១ ក្នុងនោះតាមការប៉ាន់ប្រមាណរហូតដល់ដំណាច់ឆ្នាំ២០២១ ចំណូលចរន្ត ក្នុងនោះរួមមាន៖ ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ អាចនឹងសម្រេចបាន១០១,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១។

អត្រានេះបង្ហាញថាគឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន១,៥ភាគរយ ក្នុងនោះបើការវាយតម្លៃ, ចំណូលចរន្ត នឹងសម្រេចបានខ្ពស់ជាងផែនការ៧៣លានដុល្លារអាមេរិក ដោយសារចំណូលមិនមែនសារពើពន្ធ នឹងសម្រេចទាបជាងផែនការប្រមាណ១៤៨លានដុល្លារអាមេរិក, ចំណូលពន្ធដារ អាចសម្រេចបានខ្ពស់ជាងផែនកា២៣៥លានដុល្លារអាមេរិក និងចំណូលគយ ទាបជាងផែនការ១៤លានដុល្លារអាមេរិក។

ជុំវិញនិងការប្រមូលចំណូលនេះ, ក្នុងនោះចំពោះចំណូលសារពើរពន្ធរួមមាន៖ ចំណូលគយ និងរដ្ឋាករ ក្នុងឆមាសទី ១ ឆ្នាំ ២០២១ សម្រេចបានទាបជាងផែនការបន្តិច ដោយសារបញ្ហាប្រឈមចំពោះមុខនៅតែបន្ត គឺភាពមិនទាន់ស្រាកស្រាន្តនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបង្កជាឧបសគ្គដល់រំហូរទំនិញនាំចេញ-នាំចូល និងការធ្លាក់ចុះនៃការនាំចូលមុខទំនិញរថយន្ត និងមុខទំនិញដែលជាប្រភពចំណូលសំខាន់ផ្សេងៗទៀត។ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ចំណូលគយ និងរដ្ឋាករ អាចនឹងសម្រេចបានប្រមាណ ៩៩,៤% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១។

ចំណែកការប្រមូលចំណូលពន្ធដារវិញ ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ បានបន្តសម្រេចបានលទ្ធផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយបន្តបន្ថយពន្ធ ដើម្បីទ្រទ្រង់ដល់ដំណើរការអាជីវកម្មមួយចំនួន ដែលរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩, ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅពុំទាន់បង្ហាញសញ្ញាណស្រាកស្រាន្តនៅឡើយ។ ជុំវិញការអនុវត្តចំណូលលើផ្នែកនេះ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ចំណូ លពន្ធដារ(ថ្នាក់ជាតិ) អាចនឹងសម្រេចបានប្រមាណ១១២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១។

ដោយឡែកចំណូលមិនមែនសារពើពន្ធ, ក្នុងឆមាសទី១ ឆ្នាំ២០២១ អនុវត្តបានចំនួនជាង ៨៤៧លានរៀល ស្មើនឹង ៣៨%ច្បាប់ហិរញ្ញវត្ថុ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលអនុវត្តបានចំនួន ៤០% នៃច្បាប់ហិរញ្ញវត្ថុ, បើគិតចំណូលជាសាច់មានបានប្រាក់ថយចុះជាង ២៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ចំណូលមិនមែនសារពើពន្ធនេះ មានបីផ្នែកសំខាន់ៗរួមមាន៖ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ក្រៅពីទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចំណូលកាតព្វ កិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត ក្នុងឆមាសទី១ នៅឆ្នាំ ២០២១ អនុវត្តពុំសូវបានល្អទាំងបីផ្នែក បើតាមត្រូវបានប៉ាន់ស្មានរហូតដល់ដំ ណាច់ឆ្នាំ២០២១ ចំណូលមិនមែនសារពើពន្ធនេះ អាចនឹងសម្រេចបានជាង៧២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ប៉ុណ្ណោះ។

តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានកំណត់ការប្រមូលចំណូលចរន្តឲ្យបានជាង ១៩ ពាន់ប៊ីលានរៀល, ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ មកនេះ រាជរដ្ឋាភិបាលប្រមូលចំណូលបានជាង១០ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត៥៥% ក្នុងនោះបើតាមការប៉ាន់ស្មានប្រចាំឆ្នាំ ចំណូលនេះនឹងអាចប្រមូលបានជាង២០ពាន់ប៊ីលានរៀល ត្រូវប្រមាណ១០១,៥% នៃផែនការ ក្នុងនោះបើតាមវាយតម្លៃការប្រមូលចំណូលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចនឹងសម្រេចបានខ្ពស់ជាង ច្បាប់ហិរញ្ញវត្ថុ ប្រមាណ៣,៣%៕

LEAVE A REPLY

Please enter your comment!
Please enter your name here