អាជ្ញាធរខេត្ដសៀមរាបនិងសមាគមទេសចរណ៍សហការគ្នាកែលម្អតំបន់បឹងធម្មជាតិដើម្បីទាក់ទាញទេសចរ

0

ដោយៈ សាវុធ

ភ្នំពេញៈ សមាគមទេសចរណ៍បឹងពារាំងបានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប ដើម្បីស្ដារបឹងធម្មជាតិ បឹងពារាំង ដែលជាប់បឹងទន្លេសាប ដើម្បីរៀបចំឱ្យជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ និងដើម្បីអភិរក្សត្រីពូជបន្ថែម ខណៈដែលបឹងធម្មជាតិមួយនេះ មានការគោកទឹកនារដូវប្រាំង។

លោកគង់ មង្គលប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប លោកបានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលបឹងធម្មជាតិមួយនេះ អោយទៅជាបឹងអភិរក្សត្រីពូជដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀតក្រោយបញ្ចប់ជំងឺកូវីដ១៩។

លោកបានបន្ដថា បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ ខណៈដែលបច្ចុប្បន្ននេះបានគោករាក់ទឹកខ្លះហើយៗ បណ្ដាលអោយមច្ឆាជាតិរងការបាត់បង់ដោយសារគ្មានទឹកគ្រប់គ្រាន់។

លោកបានថ្លែងបន្តថា ដោយឃើញស្ថានភាពបឹងនោះរីងទឹកជារៀងរាល់ឆ្នាំ លោកបានសុំការអនុញ្ញាតិច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង១០០ហិកតា ជំរៅ៤ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីពូជអោយរស់នៅក្នុងបឹងច្រើននោះកាន់តែច្រើន ព្រមទាំងកែលម្អរបឹងនោះ ឲ្យទៅជាកន្លែងទេសចរណ៍ទាក់អ្នកទស្សនាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានអ្នកទៅទស្សនាមានតិចតួច ដោយសារមិនទាន់រៀបចំអោយបានស្រស់ស្អាតនៅឡើយ។

លោកបានឱ្យដឹងទៀតថាថា ក្រោយពេលដែលបឹងនោះបានស្ដាររួចហើយ អាចជាបឹងសំបូរទៅដោយមច្ឆាជាតិ សត្វស្លាប និងសត្វស្វាជាច្រើនរស់នៅក្នុងព្រៃធម្មជាតិដែលសំបូរទៅអេកូទេសចរណ៍ ដែលអ្នកទេសចរណ៍ទៅទស្សនានិងស្ទូចត្រីកំសាន្ដនៅតំបន់ទេសចរណ៍នោះ។ជាមួយគ្នានោះ លោកនឹងប្រមូលត្រីពូជដាក់ឱ្យរស់នៅក្នុងបឹងនោះឱ្យបានកាន់តែច្រើន។

លោកបន្ថែមថា កាលណាភ្ញៀវទេសចរច្រើន ប្រជាពលរដ្ឋក៍ដូចជាសហគមន៍ក៍មានចំណួលក្នុងគ្រួសារជាប្រចាំថ្ងៃផងដែរ។លោកបន្ដថា គម្រោងស្ដារបឹងធម្មជាតិនេះ អាជ្ញាធរបានអនុញ្ញាតិឱ្យជីកស្ដារ៣០ហិកតាក្នុងមួយឆ្នាំ ប៉ុន្ដែជំហ៊ានទី១ ត្រូវជីកស្ដារ១០ហិកតា ជម្រៅពី៤ម៉ែត្រឡើងទៅ៨ម៉ែត្រ ដើម្បីជួយសង្គ្រោះត្រីពូជសិន ព្រោះទឹកបឹងនេះ មានការរីងស្ងួតនៅរដូវប្រាំង។ លោកបានបន្ដថា ក្រោយពីកែលំអរតំបន់នេះហើយ នឹងធ្វើឱ្យទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិទៅទស្សនាជាក់ជាមិនខាន។

បើតាមលោក គង់ មង្គល បានបញ្ជាក់ថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្សនៅក្នុងទឹកបឹងនោះ ដែលមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ។

លោកបានបន្តថា បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ ទើបសមាគមន៍ទេសចណ៍មួយនេះ សុំការអនុញ្ញាតិជីកស្ដារឡើងវិញដើម្បីអភិរក្សនិងអភិវឌ្ឍន៍ត្រីពូជ ខណៈដែលបឹងធម្មជាតិនេះ ចាប់មាត់បឹងទន្លេសាបពីខាងជើញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here